(សៀមរាប)​៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ​ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ និងសហការី បានចុះប្រគល់ផ្ទះមនុស្សធម៌ទី២៣ មានទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី តតាក ២.៣០ម៉ែត្រ ជូនគ្រួសារអ៊ំស្រី អ៊ុល ផៃ អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្របច្ចុប្បន្នដើរស៊ីឈ្នួលបោកខោអាវឲ្យគេ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

ក្នុងឱកាសនោះ​ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ក៏បានផ្តាំផ្ញើដល់ សមាជិកគ្រួសារ ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយសម្រាប់សង្កត់ផ្ទះរួមមាន​៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ៕