(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យមើលផ្លូវច្បាប់ ពាក់ព័ន្ធនឹងសកម្មភាព «បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត» នោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាឱ្យអង្គការ COMFREL និង NICFEC បញ្ឈប់សកម្មភាពខុសច្បាប់របស់បន្ទប់ស្ថានការណ៍ និងត្រូវអនុវត្តសកម្មភាពរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើទៅកាន់ប្រធានអង្គការទាំងពីរខាងលើនេះបានឱ្យដឹងថា ការបង្កើតបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ ឆ្នាំ២០១៧ ដោយមានការចូលរួមពីអង្គការ និងសមាគមប្រមាណចំនួន៤០ ជាសមាជិក គឺអនុវត្តផ្ទុយទៅនឹងបទប្បញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា ចំពោះសេចក្តីថ្លែងការណ៍របស់ បន្ទប់ស្ថានការណ៍មិនមែនតម្លៃគតិយុត្ត និងមិនបានឆ្លុះបញ្ចាំងពីអព្យាក្រឹត្យភាព ដូចមានចែង ក្នុងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សម្តេចក្រឡាហោម ក៏បានបង្គាប់ឱ្យអង្គការ COMFREL និង NICFEC ដែលជាអ្នកផ្តួចផ្តើម បង្កើតបន្ទប់ស្ថានការណ៍នេះ បញ្ឈប់សកម្មភាពខុសច្បាប់របស់បន្ទប់ស្ថានការណ៍ និងត្រូវអនុវត្តសកម្មភាពខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងកម្មវិធីរំលឹកខួបលើកទី៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឲ្យក្រសួងមហាផ្ទៃ តាមដានសកម្មភាពរបស់ក្រុមមួយឈ្មោះ «បន្ទប់ស្ថានការណ៍» ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលមួយចំនួន។ សម្តេចបានចាត់ទុកថា ក្រុមទាំងនោះបានធ្វើសកម្មភាព និងសេចក្តីថ្លែងការណ៍ ធ្វើឲ្យប៉ះពាល់ដល់រូបភាពការបោះឆ្នោតនៅកម្ពុជា។

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនោះ បានធ្វើឡើងក្រោយពេល បន្ទប់ស្ថានការណ៍ស្តីពីបោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិលមួយចំនួន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ដោយវាយតម្លៃចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា មានភាពវិជ្ជមាន និងប្រសើរជាងមុន ប៉ុន្ដែមានភាពមិនប្រក្រតី ដូចជា បរិយាកាសគាបសង្កត់ខាងនយោបាយហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋ ដែលខ្វះខាតសមធម៌ និងតម្លាភាព ការដាក់សម្ពាធដល់សេរីភាពបញ្ចេញមតិ និងការគំរាមសកម្មភាពគណបក្ស ប្រកួតប្រជែងដែលទាំងនេះ ហើយនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោត ស្ថិតក្នុងកំរិតរឹតត្បិតសេរីភាព។

សេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍ មានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ៤ មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញ តាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះទេ៕

ខាងក្រោមនេះជាលិខិតរប​ស់សម្តេចក្រឡាហោម ស ខេង៖