(ភ្នំពេញ)៖ និស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកជំនាញ និងតំណាងស្ថាប័នអង្គការអន្តរជាតិ និងវិស័យឯកជនប្រមាណ២០នាក់ បានចូលរួមក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី២ ស្តីអំពីសេវាសុខភាពពីចម្ងាយ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូន នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំទីក្រុងភ្នំពេញ។
សន្និសីទនេះរៀបចំឡើងដោយមូលនិធិព្យែហ្វាប (Pierre Fabre) នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នាទីក្រុងទូលូ ប្រទេសបារាំង និងផ្សាយបន្តផ្ទាល់នៅតាមមជ្ឈមណ្ឌល ស្រាវជ្រាវហ្វ្រង់កូហ្វូន ប្រមាណ២០ នៅទូទាំងពិភពលោក ក្នុងនោះក៏មានមជ្ឈមណ្ឌលហ្វ្រង់កូហ្វូន ចំនួន៤ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ទីក្រុងភ្នំពេញ ហាណូយ វៀងច័ន្ទន៍ ហូជីមិញ)។
ឆ្នាំនេះសន្និសីទផ្តោតលើប្រធានបទ «ដំណើរឆ្ពោះទៅរកការផ្តល់ និងគ្រប់គ្រងសេវាសុខភាពពីចម្ងាយ ដែលត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធសុខាភិបាល» ក្នុងនោះ អ្នកជំនាញផ្នែកសេវាសុខាភិបាល និងនិស្សិតបានចូលរួមស្តាប់ និងជជែកពិភាក្សាគ្នា តាមរយៈវីដេអូកុងហ្វេរ៉ង់ ដោយមានការសហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើភាសាបារាំង (AUF)។
ក្នុងទិវាសន្និសីទអន្តរជាតិនេះ មានការរៀបចំធ្វើបទបង្ហាញជាច្រើន ដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិ អ្នកដឹកនាំគម្រោងនៅតាមប្រទេសភាគខាងត្បូង និងដៃគូសហការជាច្រើន ដែលលើកឡើងអំពីស្ថានភាពជាក់ស្តែងនៃការផ្តល់ និងគ្រប់គ្រងសេវាសុខភាពពីចម្ងាយ នៅតាមប្រទេសទាំងឡាយនៅភាគខាងត្បូង។
នៅក្នុងឱកាសនោះ អ្នកដឹកនាំគម្រោងក៏បានវិភាគដោយមានការបង្ហាញនូវសក្ខីភាពជាច្រើន ដែលបង្ហាញឲ្យឃើញនូវដំណោះស្រាយនានា ប្រឈមនឹងបញ្ហាជីវភាព និងការផ្តល់សេវាសុខាភិបាលដល់ប្រជាជន ដែលរស់នៅតាមតំបន់ដាច់ស្រយាល និងតំបន់ដែលជួបការលំបាក ក្នុងការផ្តល់សេវាសុខភាព ដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ កង្វះថាមពល ធនធានហិរញ្ញវត្ថុរបស់រដ្ឋមានកំណត់ បញ្ហាទំនាក់ទំនង ពិសេសការកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពចំពោះស្ត្រី និងទារក។
ប្រទេសរ៉ាន់ដាក៏បានបង្ហាញពីវិធីសាស្ត្ររបស់ខ្លួន ក្នុងការបញ្ចូលប្រព័ន្ធគ្រប់គ្រងពីចម្ងាយ តាមរយៈព័ត៌មានវិទ្យាក្នុងនយោបាយសាធារណៈ នៃប្រទេសរ៉ាន់ដា ដោយហេតុថាការគ្រប់គ្រងសេវាសុខភាពពីចម្ងាយនេះ បានផ្តល់នូវដំណោះស្រាយជាច្រើន ក្នុងបរិបទបច្ចុប្បន្ន និងសម្រាប់អនាគត។
តាមរយៈសារបញ្ជូនតាមទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺរណេត បានធ្វើឲ្យកម្មវិធីនេះកាន់តែមានសារៈសំខាន់នៅតាមបណ្តាប្រទេសជាច្រើន នៅភាគខាងត្បូង បានរួមចំណែកកាត់បន្ថយការចំណាយលើសេវាសុខភាព ជួយប្រជាជនឲ្យទទួលបានព័ត៌មានពីភ្នាក់ងារ ឬស្ថាប័នសុខាភិបាល ស្តីពីការប្រឆាំងនឹងជំងឺឆ្លងនានា និងបង្កើនការចាក់ថ្នាំបង្ការ ព្រមទាំងទទួលបានព័ត៌មានប្រឆាំងនឹងឱសថក្លែងក្លាយ។
ដូចឆ្នាំមុនដែរ កម្មវិធីនេះបានផ្តល់រង្វាន់ដល់អ្នកដឹកនាំគម្រោងនានា ដែលទទួលបានជោគជ័យច្រើនជាងគេ ក្នុងចំណោមគម្រោងទាំងឡាយ ដែលបានដាក់បញ្ចូលក្នុងគេហទំព័រ www.odess.io ដែលបង្កើតឡើងដោយគម្រោង Observatoire របស់មូលនិធិព្យែហ្វាប (Pierre Fabre) ក្នុងគោលបំណងកំណត់ការចងក្រងឯកសារ ជំរុញការផ្សព្វផ្សាយ និងជួយអភិវឌ្ឍគំនិតផ្តួចផ្តើមលើការគ្រប់គ្រងការផ្តល់សេវាសុខភាពដែលជួយដល់ប្រជាជនក្រីក្រក្រឲ្យ ទទួលបានការព្យាបាលជាមួយឱសថប្រកបដោយគុណភាព នៅតាមប្រទេសដែលមានធនធានមានកំណត់៕