(ភ្នំពេញ)៖ រថយន្ដសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមបេសកកម្មសម្អាតផ្លូវ ដល់ខេត្តកំពង់ឆ្នាំងហើយ ដោយបានធ្វើការសម្អាតផ្លូវក្នុងខេត្តកំពង់ឆ្នាំងនេះ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។

លោក លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានហេដ្ឋារចនាសម្ព័ន្ធស្អាតទាំងស្ថានភាពផ្លូវ និងប្រព័ន្ធលូតាមដងផ្លូវ ដែលទាំងនេះ ជួយឲ្យការសម្អាតផ្លូវមានភាពងាយស្រួល និងមានប្រសិទ្ធភាព។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា «ខេត្តកំពង់ឆ្នាំង ទើបតែកែប្រែមុខមាត់ថ្មី ដោយទទួលបានផ្លូវថ្មី ក្នុងខេត្តក្រោមជំនួយរបស់ជប៉ុន ដូច្នេះការមកដល់របស់រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនេះ គឺជួយឲ្យផ្លូវក្នុងខេត្ត ជាពិសេសផ្លូវថ្មី នៅតែរក្សាស្ថានភាពស្រស់ស្អាត»។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងជាខេត្តទី៩ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានចូលរួមសម្អាត។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿង ទៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលផលិត ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង Wurkz ភេសជ្ជៈកូឡា Ize និងទឹកផ្លែឈើ Joop៕