(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពេញមួយខែមិថុនា កន្លងទៅនេះ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិត កំណត់ចំនួន ១២០គ្រឿង និងពិន័យបានថវិកាជាង ២៣៣លានរៀល។

បើតាមរបាយការណ៍របស់ក្រសួងសាធារណការ ដែលចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចំនួនរថយន្ត ដឹកលើសទម្ងន់កំណត់ដែលចាប់នៅក្នុងខែមិថុនា មានការថយចុះ ២៩គ្រឿង បើធៀបនឹងខែឧសភា។ រថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ២៨តោន។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែបានអំពាវនាវដល់មន្រ្តីរបស់ខ្លួនឲ្យចាត់វិធានការតឹងរឹង និងបង្ក្រាបការដឹកលើសទម្ងន់នេះ ហើយក៏បានអំពាវនាវដល់អ្នករកស៊ីដឹកជញ្ជូនកុំឲ្យដឹកលើសទម្ងន់ ព្រោះការដឹកលើសទម្ងន់នេះ ធ្វើឲ្យខូចខាតផ្លូវធ្ងន់ធ្ងរ។ បើតាមលោក ស៊ុន ចាន់ថុល ប្រាក់ពិន័យពីរថយន្តដឹកលើសទម្ងន់នេះ មិនអាចយកទៅទូទាត់ជាមួយ ការខូចខាតផ្លូវបាននោះឡើយ ដូច្នេះក្រសួងមិនចង់បានប្រាក់ពិន័យពីរថយន្តដឹកលើសទម្ងន់នេះឡើយ៕