(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ជាស្ថាប័នស្នូលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបរិស្ថាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចពិភាក្សាដំបូងលើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីអេកូទេសចរណ៍ មុនឈានទៅពិភាក្សាលម្អិតប្រមូលធាតុចូលសំខាន់ៗបន្តទៀត ដើម្បីដាក់ជូនគណៈរដ្ឋមន្រ្តីត្រួតពិនិត្យ និងសម្រេចចុងក្រោយ ខណៈកំណើនទេសចរជាតិ-អន្តរជាតិមកទស្សនាកម្ពុជា កំពុងមានការកើនឡើងជាលំដាប់។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមសហអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ការចូលរួមអភិរក្ស និងការពារធនធានធម្មជាតិ និងបរិស្ថានក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា «អេកូទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ នៃវិស័យទេសចរណ៍ធម្មជាតិ ដែលតម្រូវឲ្យមានការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធទៅលើបរិស្ថាន ការអភិរក្សធនធានប្រកបដោយការប្រុងប្រយ័ត្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាសហគមន៍។ ទន្ទឹមនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម ប្រទេសកម្ពុជាមានសក្ដានុពលខ្លាំងណាស់ ផ្នែកអេកូទេសចរណ៍ បន្ទាប់ពីភាពល្បីល្បាញនៃទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ»

បើតាមលោករដ្ឋលេខាធិការ តម្រូវការរបស់ភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់ ពិសេសនៅតំបន់អង្គរ ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ទីក្រុងនានា ដូច្នេះការយកចិត្តទុកដាក់ និងការជំរុញភាពទាក់ទាញនៅតំបន់អេកូទេសចរណ៍ គឺជាយុទ្ធសាស្រ្តគន្លឹះ និងការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយសមធម៌លើគ្រប់វិស័យនៃកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តី ថោង ខុន និងលោករដ្ឋមន្រ្តី សាយ សំអាល់ បានណែនាំឲ្យមន្រ្តីជំនាញយកចិត្តទុកដាក់ខ្ពស់ រួមគ្នាជួយអភិវឌ្ឍន៍អេកូទេសចរណ៍ ប្រើប្រាស់សកម្មភាពទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដើម្បីធ្វើការអភិវឌ្ឍផង ជួយការពារបរិស្ថានផង និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយចំណាកស្រុក តាមរយៈការផ្តល់ការងារជូនប្រជាជនឲ្យមានការងារធ្វើ បង្កើនចំណូល ស្របតាមទស្សនទានសកលគឺ «អភិក្សបម្រើឲ្យការអភិវឌ្ឍ និងអភិវឌ្ឍន៍បម្រើឲ្យការរអភិរក្ស» ដើម្បីធ្វើឲ្យទឹកដីរបស់កម្ពុជា ក្លាយជាប្រទេសដែលគួរឲ្យចង់រស់នៅ និងទាក់ទាញទេសចរអន្តរជាតិឲ្យមកទស្សនាកាន់តែច្រើន។

សូមជម្រាបថា និន្នាការទេសចរណ៍សកលលោក នាពេលបច្ចុប្បន្ន គឺប្រមាណ៤៥% ចូលចិត្តទេសចរណ៍វប្បធម៌, ប្រមាណ២៣% ចូលចិត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងក្រៅពីនេះ គឺអេកូទេសចរណ៍ និងទេសចរណ៍ផ្សេងៗទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ និងទេសចរជាតិជាង ១០លាននាក់។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.៣លាននាក់ កើនឡើង១២%។ ក្នុងឆ្នាំ២០១៧ កម្ពុជារំពឹងទុកថានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៥.៥លាននាក់ និងឆ្នាំ២០២០ នឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ ជាមួយនឹងចំណូលចូលសេដ្ឋកិច្ចជាតិជាង ៥,០០០លានដុល្លារ និងផ្ដល់ការងារដោយផ្ទាល់ជូនប្រជាជនជិត ១លាននាក់ផងដែរ៕