(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧​នេះ បានលើកឡើងនៅលើទំព័រ Facebook ថា មានកត្តា៤ចំណុច ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា (CPP) បានឈ្នះដាច់នៅក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ កន្លងទៅនេះ ហើយថា ៤ចំណុចនេះ ក៏នឹងធ្វើឱ្យ CPP ឈ្នះនៅក្នុងការបោះឆ្នោតជាតិ នៅឆ្នាំក្រោយផងដែរ។

ជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរចំនួន៤ ដែលចម្លើយនៃសំណួរគន្លឹះទាំងនោះ គឺជា គណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។ សំណួរទាំង៤នោះ រួមមាន៖ ១)តើគណបក្សណាមួយ ដែលហ៊ានលះបង់គ្រប់យ៉ាងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និង ផ្តល់កំណើតទី២ ដល់ប្រជាពលរដ្ឋខ្មែរ? ២)តើគណបក្សណាមួយ ដែលបាននាំមកនូវសន្តិភាពពេញលេញដល់កម្ពុជា? ៣)តើគណបក្សណាមួយ ដែលបានកសាង ប្រទេសពីគំនរផេះផង់ រហូតដល់កម្ពុជា បានរីកចម្រើនមកទល់សព្វថ្ងៃនេះ? និង ៤)តើមេដឹកនាំគណបក្សណាមួយ ដែលហ៊ានលះបង់សូម្បីអាយុជីវិតខ្លួន មិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋ ទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេស ហើយនៅតែតស៊ូរួមសុខរួមទុក្ខជាមួយពលរដ្ឋតាំងពីប្រទេសធ្លាក់ចូល​ក្នុងភ្នក់ភ្លើងសង្រ្គាម រហូតមកទល់សព្វថ្ងៃនេះ?

សម្តេចបានសរសេរបន្ថែមយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺបានដឹង និងបានឃើញច្បាស់នូវការខិតខំ​ប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការថែរក្សាសន្តិភាព ដើម្បីយើងមានឱកាសកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ហេតុដូច្នេះហើយ បានជាក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ គឺគណបក្សប្រជាជន បានឈ្នះដាច់ជាមួយនឹង​សំឡេងគាំទ្រច្រើនលើសលុប ដែលបញ្ជាក់កាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺនឹងបន្តឈ្នះឆ្នោតទៀតនៅ ឆ្នាំ ២០១៨ ខាងមុខនេះ»

សូមបញ្ជាក់ថា លទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកាស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់ ដោយទទួលបានឃុំ/សង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦នៅទូទាំងប្រទេស។ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៤៨៩ឃុំ/សង្កាត់ និងគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ។

លទ្ធផលបានឲ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងប្រទេសសរុប ៦,៥០៣អសនៈ ស្រ្តី ១,៣៨៦អសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ចំនួន ១១៥៦អាសនៈ ជំទប់ទី១ចំនួន ១១៣៩អាសនៈ ជំទប់ទី២ ចំនួន ៥១០អាសនៈ៕