(ភ្នំពេញ)​៖ ស្ត្រីមេតុងទីនប្រចាំនៅខណ្ឌពោធិ៍​សែនជ័យម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេតករណីស៊ីដាច់លុយកាក់របស់កូនតុងទីនជាង២ម៉ឺនដុល្លារអាមេរិក។

ស្រ្តីមេតុងទីនឈ្មោះ ចាន់ ធឿន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៩ ផ្លូវលេខ១០៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ បានត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៥៨ អ.យ.ឌ ចេញដោយ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្តឹងកូនតុងទីនជាច្រើននាក់ ដែលបានប្តឹងរំលោភលើ ទំនុកចិត្តនិងឆបោកប្រាក់ ពួកគេជាង២ម៉ឺនដុល្លារអាមេរិក។

ប៉ុន្តែនៅពេលសមត្ថកិច្ចចាប់ខ្លួននោះ ស្រាប់តែប្តីដែលជាមន្ត្រីនគរបាលប៉ុស្តិ៍​ដែរនោះ បានទៅឡាំប៉ាដល់ក្រសួងមហាផ្ទៃធ្វើឲ្យមានការ ភ្ញាក់ផ្អើលរហូតដល់សមត្ថកិច្ច បម្រុងឃាត់ខ្លួនសួរនាំទើប មន្រ្តីនគរបាលនេះ បានជិះម៉ូតូចេញទៅវិញបាត់ ។

នៅពេលសមត្ថកិច្ច បានបញ្ជូននមេតុងទីនមកសាលាដំបូងរាជធានីភ្នំពេញ គេឃើញតំណាងឲ្យដើមណ្តឹង៤នាក់ ដែលមានឈ្មោះ ទូច សោភា,សាំង ស្រីពៅ ជា ឆាយលាង និងឈ្មោះ ឈុន ស្រីមុំ តាមប្រមាញ់ជាប់ ដោយមិនទុកចិត្តខ្លាចតុលាការដោះលែងដោយគ្មាន សំណងដល់ជនរងគ្រោះ៕