(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្វពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន «២៦ មិថុនា ២០១៧» នៅបរិវេណអង្គរ-ឃ្យុងយូ ក្រុងសៀមរាប ដោយមានការចូលរួមជាអធិបតីភាពលោកឧត្តមសេនីឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្រះសង្ឃ មន្ត្រី រាជការ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋប្រមាណជាង២០០អង្គ/នាក់។

លោកវរសេនីយ៍ទោ ណាម ណម នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ យុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១ របស់គណៈកម្មាធិការ ត្រួតនិពិត្យគ្រឿងញៀនខេត្ត បានធ្វើការផ្សព្វផ្សាយ និងអប់រំអំពី ខ្លឹមសារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ចំនួន១,១១៤លើក ដែលមានអ្នកចូលរួមសរុប១០៥,៨៥៣អង្គ/នាក់(ស្ត្រី៥១,២១៧នាក់)នៅតាមគ្រឹះស្ថាន អប់រំតាមវេទិកាសាធារណៈ សហគ្រាស រោងចក្រ តាមកម្មវិធីសាសនា ការទេសនារួមនឹងការចុះចែក បិទខិត្តប័ណ្ណជាវាគ្មិនកម្មវិធីទស្សន៍ វេទិកាតុមូល។ល។ ហើយក៏មានការអនុវត្តនូវវិធានការរដ្ឋបាល និងបង្ការទប់ស្កាត់ នៅតាមទីតាំងអាជីវកម្មបានចំនួន១៣លើក រួមនឹងសកម្មភាព និងទទួលបានលទ្ធផលជាច្រើនទៀតផងដែរ ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការត្រួតនិពិត្យគ្រឿងញៀនខេត្ត បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ក្រោមប្រធានបទ «ត្រូវស្ដាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយពួកគេឲ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព»

លោកឧត្តមសេនីឯក នាក់ យុទ្ធា បានថ្លែងថា ក្នុងក្របខណ្ឌនៃការអនុវត្តស្មារតីមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ១៩៨៧ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ទើរទាំងអស់នៅលើសកលលោក បានរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីជាការដាស់តឿន និងក្រើនរំឭកដល់ជនគ្រប់រូបឲ្យយល់ដឹងពីផលប៉ះពាល់ ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដោយបំផុសស្មារតីក៏ដូចជាអំពាវនាវឲ្យមានការ យកចិត្តទុកដាក់ ការចូលរួមកាន់តែសកម្មថែមទៀតក្នុងគ្រប់សកម្មភាព​ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងដោយប្រយោល។

លោកឧត្តមសេនីឯក នាក់ យុទ្ធា បានបន្តថា នៅក្នុងឆ្នាំ២០១៧នេះ ដោយផ្អែកលើស្ថានភាពជាក់ស្តែង នៃគ្រឿងញៀន ដែលនៅតែត្រូវបានគេចាត់ ទុកថាជាបញ្ហាមានការពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខភាពគួរឲ្យបារម្ភ ក៏ដូចជាក្នុងគោលដៅបន្តយកចិត្តទុកដាក់លើកកម្ពស់ និងជំរុញនូវស្មារតី នៃការអនុវត្តផែនការសកម្មភាព យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានការ ចូលរួមឲ្យមានប្រសិទ្ធភាព ថែមទៀតនោះ រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបន្ត យកពាក្យស្លោក «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ដែលមានន័យថា យើងត្រូវរួមគ្នា គាំទ្រ អនុវត្ត និងទទួលខុសត្រូវ ចំពោះការបង្ការ ទប់ស្កាត់ ការផលិត ចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋាននីមួយៗរបស់ខ្លួន ធ្វើជាពាក្យស្លោកសំខាន់ក្នុងការបំពេញន័យទៅនឹងប្រធានបទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិដែលមានន័យថា «ត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយឱ្យពួកគេលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព (Listening to children and youth is the first step to help them grow healthy and safe) » សម្រាប់ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើងក្នុងឆ្នាំនេះ ។

តាមរយៈការខិតខំប្រឹងប្រែងនេះធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៦ កន្លងទៅនេះទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចខាង ក្រោម៖ ការផ្សព្វផ្សាយ អប់រំ ដើម្បី បង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន និងឲ្យភ្ញាក់រលឹកទៅរកសេវាព្យាបាល ស្តារនីតិសម្បទាបានចំនួន ១៣.៧៧៤.៧៣៩នាក់ (ក្នុងចំនួននេះមានអ្នកទទួលការអប់រំលើសពី១ដង) និងបណ្តុះបណ្តាលជនបង្គោលបន្ថែមបានចំនួន ២.៨៣១នាក់។ រកឃើញ និងកត់ត្រាចំនួនអ្នកប្រើគ្រឿងញៀនបានកើនដល់ ២០.៦២១នាក់ (ឆ្នាំ ២០១៥ ចំនួន ១៦.៥៧៥នាក់) គឺកើនជាង២៤ភាគរយ។ អ្នកប្រើគ្រឿងញៀនដែលបានចូលទៅទទួលសេវាព្យាបាលមានចំនួ ១១.៦០១នាក់ (ឆ្នាំ២០១៥ចំនួន ៧.៧៥៣នាក់) ស្មើនឹង ៥៦,២៥ភាគរយ នៃចំនួនអ្នកញៀនសរុប។

សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ប្រភេទបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ៤១៤៦ករណី ចាប់ជនសង្ស័យបានចំនួន ៩.៩៣៣នាក់ និងរឹបអូសគ្រឿងញៀនបានចំនួនជាង ១៧៩គីឡូក្រាម  និងចាប់យកវត្ថុតាងជាងច្រើនទៀត៕