(ភ្នំពេញ)​៖ ​លោក​ ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ បាន​មក​ដល់​ទី​លំនៅឋាន​ក្មេង​ប្រុស ​ដែល​ឪពុកម្ដាយ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ ដើម្បីស្នើសុំយកកុមារា​រូប​នេះ​ មកចិញ្ចឹមបីបាច់ជាកូនបង្កើត។

ក្នុងការជួបសំណេះសំណាលនេះ លោក ឌី រ័ត្នខេមរុណ បានសម្ដែងការសោកស្ដាយចំពោះហេតុការណ៍នេះ និងបានសម្ដែងការចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំចំពោះសាច់ញាតិ កុមារារងគ្រោះ និងបានស្នើសុំយកកុមារាមកចិញ្ចឹមបីបាច់ជាកូនបង្កើត។​ ប៉ុន្តែដោយសារជីវភាព និងម្ដាយមីងកុមារារងគ្រោះចង់បានកូនផង ទើបក្រុមគ្រួសារសម្រេចចិញ្ចឹមបីបាច់ ដោយខ្លួនឯង ហើយក្រុមគ្រួសារក៏មានចិត្តរំភើបផងដែរ នូវពេលទទួលបានដំណឹងថា លោក ឌី រ័ត្នខេមរុណ ចង់បានកូនចៅគាត់យកទៅចិញ្ចឹម ហើយសាច់ញាតិក៏សូមថ្លែង អំណរគុណ ជាពន់ពេកចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក ឌី រ័ត្នខេមរុណ ផងដែរ។

ជាការរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសព នាព្រឹកមិញនេះ ដែលចំថ្ងៃធ្វើបុណ្យខួបគម្រប់៧ថ្ងៃផងនោះ លោក ឌី រ័ត្នខេមរុណ បានចូលរួមថវិកាចំនួន ១លានរៀល ដើម្បីរៀបចំពិធីបុណ្យខួប៧ថ្ងៃផងដែរ៕