(ភ្នំពេញ)៖ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ខ្លួននឹងការឲ្យក្រុមហ៊ុនផលិតបារី និងក្រុមហ៊ុននាំចូលបារី ប្រើប្រាស់នូវតែមប្រិ៍អាករប្រភេទថ្មី បិទលើកញ្ចប់បារី ដែលតែមប្រិ៍ថ្មីនេះ មានលក្ខណៈពិសេសការពារការក្លែងបន្លំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ ដែលទើបបង្ហោះលើ Facebook ផ្លូវការរបស់ខ្លួននៅព្រឹកនេះ បានឲ្យដឹងថា តាមប្រកាសលេខ ១៤៨០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការប្រើប្រាស់តែមប្រិ៍អាករសម្រាប់បង់អាករពិសេសលើផលិតផលបារី បានកំណត់ថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ តទៅ នឹងមិនអនុញ្ញាតឲ្យមានចរាចរចែកចាយ ឬលក់ផលិតផលបារីដែលបិទតែមប្រិ៍អាករប្រភេទចាស់ នៅលើទីផ្សារឡើយ។

លក្ខណៈពិសេសរបស់សន្លឹកតែមប្រិ៍អាករប្រភេទថ្មី៖
* មានគុណភាពខ្ពស់ ត្រូវបានកែសម្រួលទាំងរូបភាព និងគុណភាព
* ប្រកបដោយសុវត្ថិភាពខ្ពស់
* ក្នុងសន្លឹកតែមប្រិ៍អាករប្រភេទថ្មី មានលក្ខណៈបច្ចេកវិទ្យាទំនើប ដែលមិនងាយក្នុងការផលិតក្លែងក្លាយបានទៀតឡើយ
* មានរំលេចនូវ QRcode ខុសពីសន្លឹកតែមប្រិ៍អាករប្រភេទចាស់
* សម្រាប់បារីផលិតក្នុងស្រុក អគ្គនាយកដ្ឋានពន្ធដារ បានផលិតសន្លឹកតែមប្រិ៍អាករដែលសម្គាល់ដោយ Serial Number និងលេខរៀងខុសៗគ្នាសម្រាប់ក្រុមហ៊ុននីមួយៗ ដែលជាមួលដ្ឋានងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់ម្ចាស់សហគ្រាសផលិតបារីក្នុងស្រុក ក៏ដូចជាម្ចាស់សហគ្រាសនាំបារីចូល ម្ចាស់ដេប៉ូបារីចែកចាយបន្ត ម្ចាស់ស្តង់លក់បារីក្នុងផ្សារ ម្ចាស់ផ្សារទំនើបទាំងឡាយ មេត្តាចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពេពន្ធឲ្យបានត្រឹមត្រូវ ជៀសវៀងការលក់បារីទាំងឡាយដែល ពុំមានបិទតែមប្រិ៍អាករ ការក្លែងបន្លំ ឬបិទតែមប្រិ៍អាករដែលបានបិទរួច។ ករណីមិនគោរពតាម ត្រូវចាត់ទុកជាការគេចវេសពន្ធ និងអំពើរាំងស្ទះ ហើយអ្នកពាក់ពន្ធត្រូវរងការផ្តន្ទាទោសតាមមាត្រា ១៣៣ មាត្រា១៣៥ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ដោយត្រូវទទួលពិន័យជាប្រាក់ពី១០លានរៀល ឬជាប់ពន្ធនាគារ ពី១ឆ្នាំ ដល់៥ឆ្នាំ ឬត្រូវទទួលទោសទាំងពីរ៕