(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញ​​ជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧ នៅសាលាយោធាកំបូល។

ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយកសាលា នាយករងសាលា លោក​វរសេនីយ៍ នាយការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសិក្ខាកាមចំនួនប្រមាណ១៥០នាក់​ផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាម​ផែនការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ២៣/២០១៧ ផ.ក​ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧ សាលាកំបូលបានទំនាក់ទំនងជាបណ្តាជំនាញផ្សេងៗ រៀបចំការរៀនសូត្រឲ្យបានតាមផែនការនេះ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានឲ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុប៣ខែ ស្មើនឹង៩៤ថ្ងៃ ស្មើនឹង៥៦៤ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។ រីឯខ្លឹមសារមេរៀនមាន មុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ត ច្បាប់ វិទ្យាសាស្ត្រសង្គម អប់រំចិត្តសាស្ត្រ និងមានទស្សនកិច្ចសិក្សាផងដែរ៕