(កណ្ដាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះថា នៅវេលាម៉ោង៤រសៀលនេះ អាវុធហត្ថនឹងធ្វើសន្និសីទបង្ហាញ​មុខជាសាធារណៈ។ ចម្លើយសារភាពរបស់ជនដៃដល់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ដែលជាបុគ្គលិកផ្ទះបើក Internet នៅកណ្ដាលក្រុងតាខ្មៅ មូលហេតុមកពីខ្លួនជំពាក់លុយជាង១ពាន់ដុល្លារ ហើយការសម្លាប់នេះ​ដើម្បីប្លន់យកទ្រព្យសម្បត្តិ ប៉ុន្ដែយក​មិនបាននោះទេ ដោយសារតែកេះលុយជាប់សោរ។

សូមជម្រាបថា ជនដៃដល់ត្រូវបាន​កម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមចាប់បាននៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅលើទឹកដីខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ផងដែរថា «ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងដោយមានការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដោយត្រូវតែចាប់ឃាតកឲ្យបាន»

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Internet (មានហ្គេមតាមអនឡាញ) និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ។

មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា បើយោងតាមការស្រាវជ្រាវ នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញចូល បន្ទប់ទឹកចំនួន៣ដង ក្រោយមកក៏មកប្រាប់ជនរងគ្រោះថា បន្ទប់ទឹកស្ទុះឲ្យជនរងទៅមើលបន្តិច។ លុះពេលជនរងគ្រោះដើរទៅមើលដល់បន្ទប់ទឹក ជនសង្ស័យក៏ដើរទៅពីក្រោយ រួចច្រានចូលក្នុងបន្ទប់ទឹក ធ្វើសកម្មភាពចាក់សម្លាប់ នៅក្នុងបន្ទប់ទឹកនោះតែម្តង។

លុះចាក់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានដើរចេញពីបន្ទប់ មកប្រាប់បុគ្គលិកហាងម្នាក់ទៀតថា ជនរងគ្រោះដួលក្នុងបន្ទប់ទឹកបែកក្បាលហូរឈាម ជួយទៅមើល និងជួយជូតឈាមឲ្យគេផង ប៉ុន្តែបុគ្គលិកម្នាក់ទៀតនេះ បានឃើញជនសង្ស័យដៃកាន់កាំបិតក៏ស្ទុះរត់ ចេញក្រៅផ្ទះ ទៅប្តឹងនគរបាលឲ្យមកជួយអន្តរាគមន៍ ភ្លាមនោះនគរបាលបានចុះមកដល់ក៏ប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកបាត់ទៅហើយ។ ចំណែកឯជនសង្ស័យក៏បានគេចខ្លួនបាត់៕