(​សៀមរាប​)​៖ ផ្ទះមនុស្សធម៌ទី២២ របស់សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម​ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនគ្រួសារ លោក លៃ ខ្ជៀយ អាយុ​៣៨​ឆ្នាំ និងប្រពន្ធឈ្មោះ មេ ចាន អាយុ​៤៣​ឆ្នាំ មានកូន​៧​នាក់ រស់នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ​នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

ផ្ទះមនុស្សធម៌នេះ មានទំហំ​៤ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៥ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ និងតតាកប្រវែង ១,៦ម៉ែត្រ​។

​លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា​ គ្រួសារដែលប្រគល់ផ្ទះជូននេះ ជាគ្រួសារក្រី​ក្រ​ ហើយកូនចំនួន៣នាក់ ត្រូវបានអង្គការ​យកទៅចិញ្ចឹមបីបាត់រក្សា នៅមណ្ឌលកុមារនៅខេត្តសៀមរាប។ ដោយមើលឃើញលំនៅដ្ឋានមានសភាពចាស់ទ្រុឌទ្រោម មិនអាចរស់នៅបាននោះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្តល់ផ្ទះមនុស្សធម៌​ជូន ឲ្យបានស្នាក់នៅបានសមរម្យ​។

ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា បាន​នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី​បន្តថា ម្ចាស់ផ្ទះត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ហើយការប្រគល់ផ្ទះនេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ និង​ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ជាមួយគ្នានោះ លោកស្រី គួយ ណាលីន ផ្ដល់អំណោយសង្កត់ផ្ទះរួមមាន៖ អង្ករ​៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ហើយសម្រាប់លោកតា លោកយាយ និង​ប្រជាពលរដ្ឋដែលបាន​ចូលរួមពិធី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ​៕