(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចេញទៅចូលរួមវេទិកាលំដាប់ពិភពលោកមួយនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកា CRANS MONTANA នឹងប្រព្រឹត្តចាប់ពីថ្ងៃទី០៥-០៨ ខែកក្កដា។

វេទិកា CRANS MONTANA គឺជាវេទិកាជួបប្រជុំដ៏សំខាន់មួយ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តី សមាជិកសភា ធុរកិច្ចជន និងអង្គការអន្តរជាតិជាច្រើនមកពីជុំវិញពិភពលោក ដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងស្មារតីពង្រីកកិច្ចសហប្រតិបត្តិការជាសកលលើវិស័យសេដ្ឋកិច្ច ជាមួយប្រទេសដែលមានសក្តានុពលទីផ្សារ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អាហ្រ្វិក និងមេឌីទែរ៉ាណេ៕