(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការវិនិយោគ និងដាក់ចេញនូវគោលនយោបាយជាតិជាច្រើន ក្នុងការអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ដើម្បីបង្កើនផលិតភាពខ្ពស់ ព្រមទាំងឈានទៅសម្រេច បាននូវសក្តានុពលខ្ពស់បំផុត និងរួមចំណែកជំរុញការអភិវឌ្ឍជាតិ ឱ្យកាន់តែឈានឡើងជាលំដាប់ ក្នុងនោះលោកក៏បានជំរុញឲ្យសិស្ស-និស្សិត និងយុវជន ត្រូវងាកមកសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈវិញ ព្រោះដោយសារទីផ្សារការងារកំពុងត្រូវការច្រើន។

លោកថ្លែងបែបនេះ ក្នុងវេទិកាជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំធ្វើឡើងដោយក្រសួងការងារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ដែលជាវេទិកាលើកទី៣ បន្ទាប់ពីវេទិកាលើកទី២ បានរៀបចំធ្វើឡើងក្នុងឆ្នាំ២០១៦ និងលើកទី១ ក្នុងឆ្នាំ២០១៥។

លោកថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកន្លងមក ក៏ដូចក្នុងពេលបច្ចុប្បន្ន បាននិងកំពុងធ្វើការវិនិយោគយ៉ាងច្រើន ក្នុងការអប់រំបណ្តុះបណ្តាល ថែទាំ និងអភិវឌ្ឍប្រជាពលរដ្ឋយើង ដើម្បីផ្តល់លទ្ធភាពបង្កើតតម្លៃ ប្រកបដោយផលិតភាពខ្ពស់ ព្រមទាំងឈានទៅសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ខ្លួន និងរួមចំណែកជំរុញការអភិវឌ្ឍជាតិយើង ឱ្យកាន់តែឈានឡើងជាលំដាប់»

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ការរៀបចំវេទិកាជាតិលើកទី៣នេះ ក្នុងគោលបំណង៖

១៖ លើកកម្ពស់ការយល់ដឹង និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតមកលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការច្រើន សំដៅឆ្លើយតបទៅនឹងការប្រែប្រួលតម្រូវការជំនាញ
២៖ ផ្តល់នូវព័ត៌មានពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអាហារូបករណ៍ និងព័ត៌មានទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគតជូនដល់សិស្សានុសិស្សសម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា
៣៖ តាំងបង្ហាញស្នាដៃសិស្ស-និស្សិតរបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជន
៤៖ បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្នែកឯកជន និងអង្គការជាតិ អន្តរជាតិជាដើម។

លោករដ្ឋមន្រ្តីបន្តថា ដោយយល់ឃើញពីតួនាទីបំពេញឱ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន រវាងការអប់រំទូទៅ ដែលសង្កត់ធ្ងន់លើការផ្តល់ជំនាញជាមូលដ្ឋាន ក្នុងការគិតពិចារណាស្វែងយល់ និងជំនាញសង្គមឥរិយាបទ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលសង្កត់ធ្ងន់លើការបំពាក់ជំនាញបច្ចេកទេសបន្ថែមលើមូលដ្ឋាននេះ សម្រាប់ចូលក្នុងទីផ្សារការងារ កន្លងមក រាជរដ្ឋាភិបាលបានបង្កើនការវិនិយោគ និងធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបើកឱ្យមានឱកាសច្រើន និងផ្សេងៗគ្នា នៅក្នុងប្រព័ន្ធអប់រំសម្រាប់ប្រជាពលរដ្ឋ ដែលមានសក្តានុពលខុសៗគ្នា និងការរៀនពេញមួយជីវិត។

សូបជម្រាបថា វេទិកាជាតិនាថ្ងៃនេះ គឺជាសកម្មភាពមួយដ៏សំខាន់ ក្នុងចំណោមសកម្មភាពសំខាន់ៗផ្សេងៗទៀត ដែលក្រសួងការងារបាននិងកំពុងខិតខំផ្តួចផ្តើម សម្របសម្រួល និងធ្វើឡើងជាមួយភាគីពាក់ព័ន្ធ សំដៅលើកកម្ពស់ការយល់ដឹងពីតួនាទីដ៏សំខាន់ចាំបាច់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បច្ចុប្បន្ន និងទៅអនាគត ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍកម្លាំងពលកម្មជំនាញដ៏មានប្រសិទ្ធភាព ដើម្បីឈានចូលទីផ្សារការងារដោយងាយស្រួល ឆាប់រហ័ស និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ នៅក្នុងស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ជាពិសេស សិស្ស-និស្សិត និងយុវជនដែលនៅក្នុងដំណាក់កាលនេះ៕