(ពោធិ៍សាត់)៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការតំណាងលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចេង ឡៃ អភិបាលរងខេត្តតំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ម្ចាស់ក្បាលដីទាំងអស់ ត្រូវមកពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះ រាងដី ដែលក្រុមការងារប្រតិបត្តិកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង ប្រមូលទិន្នន័យរួចធ្វើការបិទផ្សាយក្នុង រយៈពេល១៥ថ្ងៃ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង សម្រាប់ធ្វើការតវ៉ាកែតម្រូវ មុននឹងចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូន។

ថ្នាក់ដឹកនាំទាំង២ បានអំពាវនាវដូច្នេះ នៅបរិវេណវត្តខ្មារ ក្នុងពិធីបិទប្រកាសផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ស្ថិតក្នុងភូមិទួលខ្មែរ និងភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ សរុប១០៩៦គ្រួសារ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានថ្លែងថា សម្រាប់ឃុំស្នាមព្រះ ក្រុមការងារចុះ បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចុះវាស់វែងបាន៦ភូមិ គឺភូមិត្រាំពែរ និងភូមិចំបក់មាស បានចេញប័ណ្ណកម្មសិទ្ធិរួចហើយចំពោះភូមិទួលខ្មែរ ភូមិខ្មា ភូមិសាមគ្គី ភូមិជើងភ្លើង និងភូមិភ្នៅ កំពុងដំណើរការ។ លោកបានបន្ថែមទៀតថា ភូមិទួលខ្មែរ និងភូមិខ្មារ ដែលបានប្រកាសបិទផ្សាយនាពេលនេះ មានផ្ទៃដី១៨៩៩ហិកតា ស្មើនឹង៣១១១ក្បាលដី ក្នុងនោះដីលំនៅដ្ឋាន៤៨៥ក្បាលដី ដីកសិកម្ម២៦០៦ក្បាលដី។ ដីម្ចាស់មិនបានមកបំពេញ ទិន្នន័យ១៤៤ក្បាលដី ក្រៅពីនោះដីវត្ត ដីសាលារៀន ដីទួលកប់ខ្មោច ដីស្រះ និងដីទួលអ្នកតា សម្រាប់ធ្វើការបិទផ្សាយឲ្យប្រជាពលរដ្ឋមកពិនិត្យ និងផ្ទៀងផ្ទាត់ក្នុងរយៈពេល១៥ថ្ងៃ។

លោក ចេង ឡៃ និងលោក សរ សុវណ្ណ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់កាលគឺ៖ ទី១៖ ដំណាក់កាលត្រៀមរៀបចំកំណត់តំបន់ធ្វើការវិនិច្ឆ័យ, ទី២៖ ប្រតិបត្តិការបច្ចេកទេស, ទី៣៖ បិទប្រកាសផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃ នូវឯកសារវិនិច្ឆ័យ, ទី៤៖ សម្រេចលើឯកសារ, និងទី៥៖ ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់ក្បាលដី។ ការបិទផ្យាយជា សាធារណៈក្នុងរយៈពេល១៥ថ្ងៃ គឺជាដំណាក់កាលទាំង៤ ទាមទារឲ្យម្ចាស់ទ្រព្យមកពិនិត្យ និងផ្ទៀងផ្ទាត់ទាំងបញ្ជីឈ្មោះ ទាំងរូបរាងដីថាតើបាន ត្រឹមត្រូវ ឬមិនត្រឹមត្រូវនៅលើក្រដាសផែនទីទល់មុខមន្ត្រីប្រចាំការដើម្បីធ្វើការកែតម្រូវ ឲ្យបានត្រឹមត្រូវមុននឹងឈានដល់ការចែកប័ណ្ណកម្មសិទ្ធិជូន។

ថ្នាក់ដឹកនាំទាំង២ បានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាន់កាប់ដីធ្លីឱ្យមានសុវត្ថិភាព គ្មានការវិវាទ និងប្រើប្រាស់លើ វិស័យកសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានប្រកាសមិនយកពន្ធក្នុងការផ្ទេរកម្មសិទ្ធិរវាងឳពុក ម្តាយ មកកូន រវាងប្តី ប្រពន្ធ និងរវាងតា យាយ មកចៅបង្កើតថែមទៀតផង។ ថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់មន្ត្រីក្រុមការងារប្រតិបត្តិ គណៈកម្មការ រដ្ឋបាល និងប្រជាពលរដ្ឋទាំង២ភូមិ មេត្តាយកចិត្តទុកដាក់បំពេញការងារឲ្យបានខ្ជាប់ខ្ជួន និងពន្លឿនក្នុងការមកពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ និងប្រភេទទ្រព្យព្រោះថាដីគឺជាជីវិត។

នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង នៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លីឆ្នាំទី២ និងឆ្នាំទី៣ ជំនាន់ទី១៣, និងទី១៤ ប្រមាណ៦០នាក់ ដែលដឹកនាំដោយ លោក សរ សុវណ្ណ ក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ស្តីពីកម្មវិធីអនុ វិស័យរដ្ឋបាលដីធ្លីក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣-០៦ ខែកក្កដា ឆ្នាំ២០១៧ផងដែរ៕