(ប៉ៃលិន)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានអញ្ជើញទៅប្រកាសតែងតាំងលោកស្រី កើត ស៊ីធាម ជាប្រធានមន្ទីរប្រៃសនីយ៍ថ្មី និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលា ខេត្តប៉ៃលិន។

លោក ត្រាំ អ៊ីវតឹក បានថ្លែងថា លោកស្រី កើត ស៊ីធាម បច្ចុប្បន្នជាអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំងទៅជា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ជំនួសលោក ហ៊ុយ សារិន ដែលត្រូវចូលនិវត្តន៍ តាមសេចក្តីប្រកាស របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លេខ ០០២ ប្រ.ក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ចំណែកអគាររដ្ឋបាលរបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលបានកាត់ខ្សែរបូរសម្ពោធដាក់ ឲ្យប្រើប្រាស់ នាពេលនេះ គឺមានទំហំ៣៧៨ម៉ែត្រការ៉េ កម្ពស់២ជាន់ ដោយចំណាយកញ្ចប់ថវិការបស់រដ្ឋទាំងស្រុង។

លោក ត្រាំ អ៊ីវតឹក បានបន្តការកោតសរសើចំពោះលោក ហ៊ុយ សារិន អតីតប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិនដែលបាន យកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនគ្រប់គ្រងលើវិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តដោយទទួល បានលទ្ធផលល្អគួរជាទីមោទនៈ។

លោក ត្រាំ អ៊ីវតឹក បានបន្តផ្តាំផ្ញើដល់ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ត្រូវយកចិត្តទុកដាក់នៅគ្រប់ពេលវេលា ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តន៍ស្មារតីសាមគ្គីភាព ដោយធ្វើការតាមឋានានុក្រម និងតួនាទីភារកិច្ច ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍដូច្នេះយើងត្រូវខិតខំស្វែងយល់ និងអនុវត្តឲ្យបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ សែន ជាប្រមុខ ជាពិសេសគឺត្រូវឲ្យយល់ច្បាស់ពីខ្លឹមសារ និងគោលបំណងសសរស្តមទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៣ គឺកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា ទន្ទឹមនេះមន្ទីរត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឲ្យបានជិតស្និទ្ធ ជាមួយគ្នាបន្ថែមទៀតដើម្បី បុព្វហេតុក្នុងការអភិវឌ្ឍខេត្តប៉ៃលិន «ឲ្យរីកចម្រើនលើគ្រប់វិស័យ ដោយមិនខ្លាចការនឿយហត់ ហើយត្រូវចៀសវាងដាច់ខាតការប្រកាន់បក្ខពួកក្នុងអង្គភាពរបស់ខ្លួនកំពុងប្រតិបត្តិការណ៍ ចៀងវាងការកក់ស្ទះកិច្ចការ រួមក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលម្ពុជា ដែលខិតខំកសាងប្រទេសជាតិតាំងពី បាទដៃទទេររហូតឲ្យមានការរីកចម្រើនមក បច្ចុប្បន្ននេះ មិនមែនជារឿងងាយស្រួលនោះទេ»

លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍គោលនយោបាយ កំណែទម្រង់រដ្ឋាបាលសាធារណៈ និងមុខងារសាធារណៈ នៅតែជាអាទិភាពក្នុងដំណើរការ ពីដំណាក់កាលមួយទៅ ដំណាក់កាលមួយទៀតប្រកបដោយភាពរលូនល្អ និងរីកចម្រើនជា លំដាប់ដោយមានច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត។ ដូច្នេះប្រធានមន្ទីរដែលបានតែងតាំងថ្មីនាពេលនេះ ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ត្រូវមានការទទួលខុសត្រូវ មានតម្លាភាពមានសាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភព ឯកសារលិខិតបទដ្ឋាននានាយកមកធ្វើការបណ្តុះបណ្តាល បង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅឲ្យអង្គភាពរបស់ខ្លួនដំណើរការដោយរលូន និងមានប្រសិទ្ធភាព៕