(ភ្នំពេញ​)៖ ​ចោរ​ឆក់​កាបូប​ដែល​បណ្ដាល​ឲ្យ​ប្តីប្រពន្ធ​ពីរ​នាក់​ស្លាប់​ ខណៈកូនប្រុសរងរបួសធ្ងន់នោះ ត្រូវ​បាន​ចៅក្រមស៊ើបសួរសាលាដំបូង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ រួចត្រូវបញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​រង់ចាំ​វិនិច្ឆ័យ​ទោស​ពេល​ក្រោយ​។​ នេះបើតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

ស្រប​ជាមួយ​គ្នា​នេះ​លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា​កាកបាទ​ក្រហមខណ្ឌមានជ័យ អះអាង​ថា លោកស្នើសុំចិញ្ចឹមក្មេង​ដ៏​កម្សត់​ម្នាក់​នេះពេញមួយជីវិត និងស្នើសុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើ​ខាង​ក្រុមគ្រួសារ សាច់ញាតិ​យល់ព្រម។

លោក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ​ ថ្លែង​ថា​ ជនត្រូវចោទ​ឈ្មោះ​ ផាន់​ ម៉ន​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ត្រូវ​បាន​លោក​ កើត​ សាំង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​ តាម​មាត្រា​៣៥៣ និង​មាត្រា​៣៦០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​បឋមសិក្សា​ភូមិ​ឫស្សី​ ផ្លូវ​លេខ​២១៧​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ កាលពី​ថ្ងៃទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៧​។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីយប់ថ្ងៃទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ពេលដែលចោរបានឆក់កាបូបនៅមុខសាលាបឋមសិក្សាភូមិប្ញស្សី នោះប្តីបានព្យាយាមជិះម៉ូតូដេញ តាមចោរឆក់កាបូប ខណៈពេលជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសអាយុជាង២ឆ្នាំ។

លុះដេញដល់មុខរោងចក្រ ផលិតមីម៉ាម៉ាចំការដូងរោងចក្រផលិតមីម៉ាម៉ា តាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ ចម្ងាយផ្លូវប្រមាណជាង១គីឡូម៉ែត្រ ក៏ដេញតាមទាន់ ហើយធាក់ម៉ូតូចោរឲ្យដួល ធ្វើឱ្យម៉ូតូដែលកំពុងមានល្បឿនបានជ្រុលទៅបុកគូទរថយន្តមួយ​គ្រឿងដួលបោកក្បាលនឹងគូទរថយន្តស្លាប់ប្រពន្ធ និងក្រោយមកស្លាប់ប្តីទៀត ដោយបន្សល់ទុកកូនប្រុសអាយុ២ឆ្នាំរងរបួសកំពុងព្យាបាល ។

ថ្មី​ៗនេះ​ លោក ឌី រ័ត្នខេមរុណ បានអះអាង​ថា លោកស្នើសុំចិញ្ចឹមក្មេង​ដ៏​កម្សត់​ម្នាក់​នេះពេញមួយជីវិត និងស្នើសុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើ​ខាង​ក្រុមគ្រួសារ សាច់ញាតិ​យល់ព្រមប្រគល់កុមារារូបនេះមក​ឲ្យ​លោក ឌី រ័ត្នខេមរុណ។​ សូមទាក់ទងលោក ឌី រ័ត្នខេមរុណ តាមរយៈ​​លេខ​ទូរ​ស័​ព្ទ​ ៖ 017 815757 ៕