(ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ការសម្ពោធជើងហោះថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ លំដាប់ពិភពលោក Emirate Airlines ដែលសម្រេចចិត្តហោះហើរមកកាន់កម្ពុជា។

លោក ម៉ៅ ហាវណ្ណាល់ បានសរសេរក្នុង Facebook ផ្លូវការរបស់លោកដោយចាត់ទុកថា ការហោះហើរត្រង់មកកម្ពុជា ក្នុងគោលបំណងដឹកជញ្ចូន អ្នកដំណើរតាមផ្លូវអាកាស នឹងរួមចំណែកបង្កើននូវចំនួន ភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា បង្កើនចំនួនការងារធ្វើ និងជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ។

លោកបានចាត់ទុកការហោះហើរត្រង់របស់ Emirate កម្ពុជានេះជាសក្ខីភាពដ៏ច្បាស់លាស់ នូវការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើការដឹកនាំប្រទេស មិនគ្រាន់តែមានសន្តិភាពទេ គឺថែមទាំងមានការអភិវឌ្ឍ ប្រទេសគ្រប់វិស័យទៀតផង។ «មានសម្តេច ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ»។

បើតាមការបញ្ជាក់របស់ លោក ស៉ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍ Emirate គឺជាក្រុមហ៊ុនទី៤៣ ដែលបើកការហោះហើរចេញចូលកម្ពុជា ដោយហោះហើរទៀតទាត់ ៧ជើងក្នុង១សប្តាហ៍ ឬមួយថ្ងៃមួយជើង។   

Emirates បានក្លាយជាក្រុមហ៊ុន អាកាសចរណ៍តែមួយគត់ ដែលប្រើយន្តហោះ Boeing 777-300ER ទៀងទាត់ សម្រាប់អ្នកដំណើរឆ្ពោះ មកកាន់រាជធានីភ្នំពេញ ដោយមានថ្នាក់ពីរប្រភេទ គឺសម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និងសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class)។

សេវាហោះហើរថ្មីនេះ គឺប្រតិបត្តិការជាមួយជើងហោះហើរលេខ EK 388 ដោយចាកចេញពីព្រលានយន្តហោះអន្តរជាតិ ទីក្រុងឌូបៃនៅម៉ោង០៩៖១៥នាទី ម៉ោងក្នុងស្រុក មកដល់យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង៥៖២៥នាទីល្ងាច។ បន្ទាប់មកវានឹងចេញពីទីក្រុងយ៉ាំងហ្គូន នៅម៉ោង៦៖៥៥នាទីល្ងាច មុនពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង០៩៖២១នាទីយប់។

ការហោះហើរត្រឡប់មកវិញ តាមជើងហោះហើរលេខ EK389 នឹងចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង ១១៖១០នាទីយប់ ហើយនឹងទៅដល់ទីក្រុងឌូបៃ នៅម៉ោង០៥៖៤០នាទីព្រឹក នៅថ្ងៃបន្ទាប់ក្រោយពីឈប់មួយភ្លែត នៅទីក្រុងយាំងហ្គូន៕