(ភ្នំពេញ)៖ សម្តេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្ត​មណ្ឌលគីរី និងខេត្តតាកែវ។

តាមសេចក្តីប្រកាសដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ពីស្នងការនគរបាលខេត្តតាកែវ ទៅជាស្នងការនគរបាលខេត្តមណ្ឌលគិរី​, លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ពីស្នងការនគរបាលខេត្តមណ្ឌលគិរី ទៅជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវវិញ។

លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគីរី បានប្រាប់អង្គភាព Fresh News លោកមិនបានដឹងពីព័ត៌មាននៃការផ្លាស់ប្តូរនេះទេ ប៉ុន្តែលោកគោរពទៅតាមការចាត់តាំង និងការសម្រេចរបស់ថ្នាក់ដឹកនាំទាំងអស់។

បើតាមលោកស្នងការ សម្រាប់ការកាន់តំណែងជាស្នងការខេត្ត ជាប់ព្រំដែនវៀតណាមជិត២ឆ្នាំមកនេះ លោកបានធ្វើកិច្ចការជាច្រើន លើការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងអង្គភាព (អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលផងដែរ) ព្រមទាំងការងារសប្បរសធម៌យ៉ាង​ច្រើនផងដែរ ជាពិសេសការងារបក្សនៅឃុំរបស់លោកចុះពង្រឹង គឺគណបក្សប្រជាជនបានឈ្នះដាច់តែម្តង។

ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវថ្នាក់លើប្រគល់ភារកិច្ចថ្មីទៅកាន់ជាស្នងការខេត្តមណ្ឌលគិរីនោះវិញ ក៏បានបញ្ជាក់ផងដែរ លោកធ្វើតាមការចាត់ និងសម្រេចរបស់ថ្នាក់ដឹកនាំ ហើយអ្វីដែលលោកនឹងបន្តធ្វើជាស្នងការខេត្តមណ្ឌលគិរី នោះគឺរក្សាសន្តិសុខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

សូមអានខ្លឹមសារលម្អិត នៃសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖

លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន

លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង