(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកដំណើការជាផ្លូវការ នូវក្លឹបបណ្តុំធនធានមនុស្សរបស់សមាគម ក្នុងបំណងដើម្បីបង្កើតជាធនាគារចំណេះដឹងមួយ ក្នុងការចែករំលែកបទពិសោធន៍ ព៌ត័មាន និងអ្នកជំនាញក្នុងការចួលរួមចំនែក អភិវឌ្ឍន៍វិស័យកាត់ដេរ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការងនៃសមាគម GMAC បានថ្លែងថា បញ្ហានៃការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបយួរ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដោយសារតែផ្នែកនេះ គឺវាជាប់ពាក់ព័ន្ឋទៅនឹង ការគ្រប់គ្រង់បុគ្គលិក គោលនយោបាយ ច្បាប់ និងបទបញ្ញត្តិផ្សេងៗរបស់ប្រទេសជាតិ។

លោកបានឲ្យដឹងថា ការបង្កើតក្លឹបនេះ គឺនឹងបើកទូរលាយសម្រាប់ សមាជិកសមាគមន៍ទាំងអស់។

លោកបានថ្លែងថា «នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយ របស់យើងដើម្បីប្រមែរប្រមួល អ្នកដែលធ្វើការក្នុងវិស័យនេះ ពីកម្រិតគ្រប់គ្រងនៃនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលនៅក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបយួរ ចូលរួមទាំងអស់គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងព័ត៌មានផ្សេងៗ»។

«ដោយសារយើង គឺធ្វើការក្នុងវិស័យអត្តពលកម្ម គឺជាវិស័យដែលប្រើកំលាំងពលកម្មតម្លៃទាប ហើយប្រសិនបើយើងធ្វើការច្នៃប្រឌិត និងប្រើប្រាស់នូវគ្រឿងម៉ាស៊ីន ប្រើបច្ចេកវិទ្យាទំនើបក្នុងវិស័យនេះ គឺវានឹងមិនអាចដំណើការ បានដោយរលូនឡើយ ប្រើសិនបើការគ្រប់គ្រងធនធានមនុស្ស មិនមានការរៀបចំនិងចាត់ចែងបានល្អ»។ នេះបើយោងតាមការលើកឡើងរបស់ លោក ម៉ូនីកា។

បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញសំលៀកបំពាក់ វាយនភណ្ឌកាត់ដេរ និងស្បែកជើងបានកើនឡើងប្រមាណជា ៧.២ភាគរយ កាលពីដំណាច់ឆ្នាំមុន ក្នុងទឹកប្រាក់ប្រមាណជា ៧.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅឆ្នាំ២០១៥មានត្រឹមតែប្រមាណ ៦.៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ហើយមកទល់នឹងបច្ចុប្បន្នសមាគមនេះ មានសមាជិកទាំងអស់ប្រមាណជា ៥១២ ជារោងចក្រកាត់ដេរ ៥៩ រោងចក្រស្បែកជើង និង៤៨ ជារោងចក្រម៉ៅការបន្ត៕