(សៀមរាប)៖ សាលាអន្តរជាតិ អូស្ត្រាលី ប៉ាស៊ីហ្វិក (API/Australia Pacific International School) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ប័ណ្ណសសើរ និងអាហារូបករណ៍ ប្រចាំឆ្នាំ២០១៦-២០១៧ ដល់សិស្សានុសិស្ស នៅសណ្ឋាគារ អង្គរអេរ៉ា នាក្រុងសៀមរាប ក្នុងអធិបតីភាពរបស់លោក គឹម ឆាយហៀង អភិបាលរងខេត្តសៀមរាប។

ថ្លែងក្នុងពិធីប្រគល់វិញ្ញបនបត្រដែលរៀបចំឡើង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ លោក សុទ្ធ វណ្ណៈ នាយកសាលាអន្តរជាតិ API បានឲ្យដឹងថា សាលា API បានបង្កើតឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានការទទួលស្គាល់ ពីក្រសួងអប់រំយុវជន និងកីឡា ត្រូវបានដំណើរការជាគ្រឹះស្ថានចំណេះទូទៅឯកជនចាប់ពីកម្រិត មត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ។ ពេលនោះសាលាបានចាប់បដិសន្ធិ ក្នុងគ្រាដែលមានសិស្សសរុបត្រឹមប្រមាណជាង ២០នាក់ និងបុគ្គលិកសរុប ៨នាក់ប៉ុណ្ណោះ។

លោកបន្តថា បច្ចុប្បន្នសាលាបានដំណើរការ កម្មវិធី៣ធំៗដូចជា ចំណេះទូទៅខ្មែរ, ចំណេះទូទៅភាសាអង់គ្លេស និងភាសាអង់គ្លេសទូទៅក្រៅម៉ោង ហើយសម្រាប់ពេលនេះ សាលាអន្ដរជាតិ អូស្ត្រាប៉ាស៊ីហ្វិកបានវិវឌ្ឍន៍ខ្លួន និងមានសិស្សសរុប៤៤២នាក់ ស្រី២០៧នាក់ មានសាខាចំនួនពីរ។ អ្វីដែលសាលាបានអភិវឌ្ឍន៍លើកម្មវិធីអប់រំរបស់ខ្លួន រហូតមកទល់ពេលនេះ គឺសាលាបានអនុវត្តកម្មវិធីអប់រំ ទៅតាមស្តង់ដារមួយ ដែលមានការទទួលស្គាល់ជាផ្លូវការ និងស្របតាមបណ្តាប្រទេសនានា ដែលកំពុងអភិវឌ្ឍន៍។

ជាមួយនឹងសមិទ្ធិផលដែលសាលបានអនុវត្ត គឺទី១៖ ការប្រឡង Anglia ក្នុងនោះ Anglia គឺជាស្ថាប័នវាយតម្លៃកម្រិតភាសាអង់គ្លេស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ បច្ចុប្បន្ន Anglia មានសមាភាពនៅទ្វីបអ៊ឺរ៉ុប អាស៊ី អាហ្រ្វិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង។ ក្រៅពីនោះសាលា ក៍បានចូលរួមផ្នែកបរិស្ថាន វប្បធម៌ និងសង្គមផងដែរ ក្នុងការរួមចំណែកនូវការលើកដំកើង វិស័យសិល្បៈ ការការពារ និងអភិរក្សសត្វ និងការចូលរួមកាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិក ដើម្បីបរិស្ថានស្អាតផងដែរ។ សមិទ្ធិផលទាំងនេះ អាចកើតឡើងបានក៏អាស្រ័យដោយ ការចូលរួមយ៉ាងសស្រាក់សស្រាំ ពីគ្រប់ជំនាញរបស់សាលា និងសិស្សានុសិស្សទាំងអស់។

លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា វិស័យអប់រំពិតជាមានតួនាទី យ៉ាងសំខាន់សម្រាប់ទ្រទ្រង់នូវខឿនសេដ្ឋកិច្ចជាតិ និងភាពប្រគួតប្រជែងរបស់ប្រទេស ជាមួយបណ្តាប្រទេសនានាផងដែរ, ហើយខាងអាជ្ញាធរខេត្តបានគាំទ្រ ដល់វិស័យអប់រំទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ដើម្បីត្រៀមខ្លួនក្នុងការធ្វើសមាហរណកម្ម ក្នុងតំបន់និងពិភពលោក។ អ្វីដែលជាការកត់សម្គាល់នោះ នៅពេលនេះ សាលាអន្តរជាតិ អូស្ត្រាលី ប៉ាស៊ីហ្វិក គឺពិតជាកំពុងដើតួនាទីយ៉ាងសកម្ម លើការងារបណ្តុះបណ្តាលកំរិតចំណេះដឹង ទូទៅដល់កុមាររា កុមារី និងយុវជនយុវនារី ដើម្បីប្រែក្លាយធនធានរបស់យើង ដើម្បីឲ្យមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស៕