(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើដំណើរចុះពិនិត្យការសាងសង់ផ្លូវ និងកាំជណ្តើរប្រវែងសរុបជាង ២គីឡូម៉ែត្រឡើងទៅលើប្រាសាទខ្នារ ស្ថិតលើខ្នងភ្នំដងរែក ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា ផ្លូវ និងកាំជណ្តើរនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចសាង ជូនដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់នោះ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារៈផ្សេងៗ។

តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម កងទ័ពដែលឈរជើងនៅលើប្រាសាទខ្នារ បានសំដែងនូវកាដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានផ្តល់ផ្លូវ និងជណ្តើរឡើងប្រាសាទខ្នារ ធ្វើឲ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារៈ និងប្តេជ្ញាការពារ បូរណភាពទឹកដីឲ្យបានរឹងមាំថែមទៀត៕