(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ​​ ចូលរួមសំណេះសំណាល​ និងចែករំលែកការសិក្សាដល់ប្អូនៗ សិស្សានុសិស្សជាង២០០០នាក់ រួមទាំងលោកសំប៊ូន ជីនថាណាផុន អនុប្រធានក្រុមហ៊ុន ប្រធានផ្នែកលក់ និងសេវាកម្មរបស់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co.,Ltd រួមទាំងក្រុមការងារ។ ក្រុមហ៊ុន គូបូតា (ខេមបូឌា) Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd ប្រារព្ធពិធី «គូបូតាចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារឆ្នាំ២០១៧» សម្រាប់ឆ្នាំទី៣ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក សួន បវរ បានថ្លែងថា គម្រោងចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារនៅក្នុងឆ្នាំ២០១៧ មានគោលដៅផ្តល់អំណោយសរុបចំនួន ៤៥,០០០ឈុតរួមមាន៖ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ សម្រាប់ការផ្តល់សម្ភារសិក្សាដល់កុមារដែលគ្រប់អាយុចូលរៀនក្រុមហ៊ុនបានបរិច្ចាគ តាមរយៈរដ្ឋាភិបាល និងភ្នាក់ងារចែកចាយស្របច្បាប់ នៅក្នុងប្រទេសនីមួយៗ ដើម្បីផ្តល់ការគាំទ្រដល់កុមារ និងយុវជនដែលមានការខ្វះខាត។

លោក សួន បវរ បានបន្តថា សម្ភារសិក្សាចំនួន២០,០០០ឈុត ដែលសរុបជាថវិការជាង៣លានបាត (៣៦០ លានរៀល) ដល់សិស្សានុសិស្សដែលខ្វះខាត និងកុមារក្រីក្រនៅតាមតំបន់ដាច់ស្រយាល នៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ និងជួយអភិវឌ្ឍដល់សង្គម។

លោន សួន បវរ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះយើងទាំងអស់គ្នាបានដឹងថា មានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ស្ថិតក្រោមដឹកនាំប្រទេសដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានថ្លែងអំណរអគុណដល់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd បានផ្តល់ កាបូប និងសម្ភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្សក្នុងខេត្ត។

លោក សំប៊ូន ជីនថាណាផុន អនុប្រធានក្រុមហ៊ុន ប្រធានផ្នែកលក់ និងសេវាកម្ម របស់ក្រុមហ៊ុន ស្យាម គូបូតា Corporation Co., Ltd បានថ្លែងថា «គោលការណ៍អាជីវអាជីវកម្មរបស់ក្រុមហ៊ុន ស្យាម គូបូតា មិនត្រឹមតែបង្កើនទិន្នផលកសិកម្មចម្រុះប៉ុណ្ណោះទេថែមទាំងសន្យាចូលរួមចំណែក ជួយដល់សង្គមជាបន្តបន្ទាប់ដូចជា គម្រោង គូបូតា ចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារ ដែលជាផ្នែកមួយនៃទំនួលខុសត្រូវក្នុងសង្គមរបស់ សាជីវកម្មក្នុងវិស័យអប់រំ»

លោក សំប៊ូន ជីនថាណាផុន បានបន្តាថា គម្រោងនេះសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងរយៈពេលពីរឆ្នាំកន្លងមកហើយ និងសម្ភារៈសិក្សា ជាច្រើនបានផ្តល់ជូនដល់កុមារ ដែលអាចជួយផ្គត់ផ្គង់ការសិក្សារបស់ពួកគាត់​ ឲ្យកាន់តែប្រសើរឡើង ដូច្នេះទើបយើងបន្តរៀបចំគម្រោងនេះ ជា​ឆ្នាំទីបីដើម្បីផ្គត់ផ្គង់ ដល់តំបន់ខ្វះខាតនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំនេះ ក្រុមហ៊ុនបានបរិច្ចាគ កាបូបសិក្សនិងសម្ភារៈសិក្សាចំនួន២០,០០០ឈុត ដោយបែងចែក ៥,០០០ឈុត ​សម្រាប់ខេត្តបន្ទាយមានជ័យតាមរយៈ លោកអភិបាលខេត្តបន្ទាយមានជ័យ និងចំនួន ១៥,០០០ឈុតទៀត ប្រគល់ជូនភ្នាក់ងារចែកចាយស្របច្បាប់ របស់ក្រុមហ៊ុនគូបូតា ដើម្បីផ្តល់អំណោយនៅតាមបណ្តាខេត្តជាច្រើន ក្នុងខែកក្កដានេះ ដើម្បីជាអំណោយ សម្រាប់ឱកាសទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ។

លោក សំ ប៊ូន បានបញ្ជាក់ថា «ចាប់តាំងពីបានបង្កើតក្រុមហ៊ុន គូបូតា (ខេមបូឌា) បានលើកកម្ពស់ការអនុវត្តអាជីវកម្មជាចម្បងលើការធ្វើអាជីវកម្ម ស្របគ្នាជាមួយ នឹងការជួយ ដល់សង្គម ជាពិសេសនៅក្នុងវិស័យអប់រំ ក្នុងទម្រង់បង្កើត “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា គូបូតា» «ដោយសហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តបាត់ដំបងដើម្បីអភិវឌ្ឍកម្មវិធីសិក្សាគ្រឿងយន្តកសិកម្មបន្ថែមលើគម្រោង ចែករំលែកក្តីសង្ឃឹមនៃអនាគតដល់កុមារ»