(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាភ្លាមៗ ឲ្យបិទសិប្បកម្មផលិតទឹកកកមួយជាបន្ទាន់ នៅជិតផ្សារ PC ក្នុងខណ្ឌមានជ័យ ក្រោយលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ និងសិស្សសាលា ហើយពេលនេះកម្លាំងនគរបាលកំពុងតាមចាប់ ម្ចាស់សិប្បកម្មដែលរត់គេចខ្លួន។

ការបញ្ជាឲ្យបិទជាបន្ទាន់នេះ បន្ទាប់ពីនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ​ទីតាំងសិប្បកម្មផលិតទឹកកកមួយកន្លែងនេះ ដែលស្ថិតជិតផ្សារ PC តាមបណ្ដោយផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីសិប្បកម្មផលិតទឹកកកធ្លាយឧស្ម័នអាម៉ូញ៉ាក់នៅព្រឹកមិញ លោក និងអធិការខណ្ឌមានជ័យ បានចុះទៅអន្ដរាគមន៍ភ្លាមៗ ដោយជួយបញ្ជៀសកូនសិស្សរៀននៅសាលាឯកជននៅក្បែរនោះ ចេញជាបន្ទាន់ព្រមទាំងស្នើ ឲ្យម្ចាស់គ្រប់គ្រង់សាលា ផ្អាកមួយរយៈពេល រីឯកំណាត់ផ្លូវនាកន្លែងកើតហេតុនេះ ក៏ត្រូវផ្អាក់ចរាចរណ៍ជាបណ្ដោះអាសន្ន រហូតស្ថានការបានធូរស្រាលឡើងវិញ។

អភិបាលរងខណ្ឌរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានសុំគោលការណ៍ណែនាំភ្លាមៗ ទៅអភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផល លោកអភិបាល បានបញ្ជាមកអាជ្ញាធរ សមត្ថកិច្ចជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មចុះបិទទីតាំងមួយនេះ ជាបន្ទាន់ ដាច់ខាតមិនត្រូវឲ្យ​មានការលួចបើកឡើងវិញទៀតឡើយ»។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចរបស់យើង បាននឹងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនម្ចាស់អាជីវកម្មផលិតទឹកកក គឺអ្នកស្រី អ៊ុក ណាវី ដែលតាមព័ត៌មានបានរត់គេចខ្លួន ទៅកាន់ស្រុកកំណើតបាត់ហើយ ដោយឡែកកម្មករនៅក្នុងរោងសិប្បកម្ម២នាក់ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ ប៉ុន្ដែត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅវិញ ក្រោយធ្វើការណែនាំ និងសួរចម្លើយចប់។

បើតាមលោក ឌី រ័ត្នខេមរុណ ទីតាំងសិប្បកម្មផលិតទឹកកកមួយនេះ ត្រូវបានអាជ្ញាធរ និងមន្ដ្រីជំនាញ បានបិទម្ដងមកហើយ ក្រោយពីមានហេតុការណ៍ធ្លាយឧស្ម័នអាម៉ូញ៉ាក់ ប៉ុន្ដែស្ដ្រីម្ចាស់អាជីវកម្មមួយនេះ បានលួចបើកដំណើរការឡើងវិញ ក្នុងរយៈពេលថ្មីកន្លងទៅនេះរហូតមានហេតុការណ៍កើតឡើងសារជាថ្មីម្ដងទៀត។ ប៉ុន្ដែលោកអភិបាលរងខណ្ឌ បានសន្យាថា នឹងមិនឲ្យមានការលួចបើកនាពេលលើកក្រោយទៀតនោះទេ។

សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ អ៊ុក ណាវី និងអ្នកមើលការខុសត្រូវនៅរោងសិប្បកម្មផលិតទឹកកកមួយនេះ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ រហូតមានការឃុំខ្លួន ប៉ុន្ដែពេលចេញពីតុលាការមកវិញក៏លួចបើកអាជីវកម្មសារជាថ្មីតែម្ដង។ សម្រាប់ប្រតិបត្តិការអន្ដរាគមន៍ ករណីធ្លាយឧស្ម័នអាម៉ូញ៉ាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្ដពន្លត់អគ្គិភ័យជិត១០គ្រឿង។

​សូមជម្រាបថា ឧស្ម័នអាម៉ូញ៉ាក់នេះ វាអាចប៉ះពាល់​សុខភាព ដូចជា ផ្សារភ្នែក ថប់ដង្ហើម ខ្សោយឆ្អឹងខ្នង និងសួត ថែមទៀតផង៕