(ភ្នំពេញ)៖ បុគ្គលល្បីៗជាច្រើនរូបដែលសុទ្ធសឹងជាអ្នកទទួលបានជោគជ័យលើវិថីជីវិត និងអាជីវកម្ម បានជួបជុំគ្នាផ្តល់គន្លឹះ និងបទពិសោធន៍ជាច្រើនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដើម្បីជាប្រទីបសម្រាប់ពួកគេក្នុងការបង្កើតអាជីវ ឬកសាងជីវិតឲ្យបានល្អប្រសើរក្រោយបញ្ចប់ការសិក្សា។

វាគ្មិនល្បីៗ ដែលបានចូលរួមចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «ធនធានមនុស្ស និងអាជីវកម្ម ដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព» រួមមាន៖ លោកបណ្ឌិត ប៉ូច ប៊ុណ្ណាក់ អនុរដ្ឋលេខាធិការក្រសួងផែនការ, លោកបណ្ឌិត កែវ ជា ទីប្រឹក្សានៃអាជ្ញាធរសវនកម្មជាតិ, លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង និងបេក្ខជនបណ្ឌិត ម៉ា ប៊ុនសែងឬទ្ធី នាយកប្រត្តិបត្តិវិទ្យាស្ថានសហគ្រាសខ្នាតតូច និងមធ្យម។

លោក ប៉ូច ប៊ុណ្ណាក់ បានលើកឡើងបង្ហាញនូវគន្លឹះជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាព។ លោកថា ដើម្បីរក្សាបានការអភិវឌ្ឍប្រកបដោយចេរភាព លុះត្រាតែចេះថែរក្សាបរិស្ថាន និងការរិះរកមធ្យោបាយពង្រីកតាមបច្ចេកវិទ្យា ដោយពឹងផ្អែកលើកត្តា៤សំខាន់រួមមាន៖ កត្តាមនុស្ស សង្គម សុវត្ថិភាព និងសន្តិភាព។

ដោយឡែក លោក ស្តើង សុខុម បានលើកឡើងពីធនធានមនុស្ស ព្រោះអី្វក៏កើតឡើងពីមនុស្សជាចម្បងដូចជា កសាងធនធានមនុស្សសម្រាប់វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសំណង់ជាដើម។ ក្រៅពីនេះ ក៏ត្រូវរៀបចំផែនការយុទ្ធសាស្ត្រអនុលោមតាមយុទ្ធសាស្ត្រមានសក្តានុពលរបស់រដ្ឋាភិបាលផងដែរ។

សម្រាប់លោក ម៉ា ប៊ុនសែងឬទ្ធី បានលើកឡើងពីសហគ្រាសខ្នាតតូច និងមធ្យមព្រមទាំងបញ្ហាប្រឈមដែលទាក់ទងទៅនិងការគ្រប់គ្រង គោលនយោបាយ បច្ចេកវិទ្យា បរិស្ថាន ការបង់ពន្ធ ការកាត់បន្ថយការនំាចូល ការប្រកួតប្រជែងទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលត្រូវដោះស្រាយ។ល។

ក្រៅការផ្តល់គន្លឹះសំខាន់ៗមួយចំនួនពីវាគ្មិនហើយនោះ ក្នុងកម្មវិធីដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ក៏មានការបើកឱកាសឲ្យនិស្សិតបានចោទសួរពាក់ព័ន្ធការធ្វើអាជីវកម្មផងដែរ។

លោកបណ្ឌិត ស្តើង សុខុម ក្នុងនាមជាអ្នកដឹកនាំកិច្ចពិភាក្សានេះ បានថ្លែងអំណរគុណដល់វាគ្មិនទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាមលើប្រធានបទល្អៗ និងមានសារសំខាន់បានជាប្រយោជន៍ធំធេងដល់សិក្ខាកាមសម្រាប់ជាមូលដ្ឋានអនុវត្តការងារ និងការអភិវឌ្ឍប្រកបដោយចេរភាព ជាពិសេសការកសាងមុខរបរ បង្កើតអាជីវកម្ម និងគ្រប់គ្រងអាជីវកម្មនោះឲ្យមាននិរន្តភាព និងរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការធ្វើផែនការមានសារសំខាន់ណាស់របស់ក្រុមហ៊ុន ឬរដ្ឋាភិបាល ដែលទាក់ទងចក្ខុវិស័យ គោលដៅ បេសកកម្ម ដូចជាការរៀបចំធនធានមនុស្ស ធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា ការស្វែងរកទីផ្សារ និងផ្តល់នូវចំណេះដឹងក្នុងការគ្រប់គ្រងចាត់ចែងធនធានមនុស្ស ធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា តែងតែបានធ្វើកម្មវិធីចែករំលែកនូវបទពិសោធន៍នៃភាពជោគជ័យបែបនេះជូនដល់ និស្សិតរបស់ខ្លួន ដោយបានអញ្ជើញបុគ្គលជោគជ័យមកធ្វើបទបង្ហាញ៕