(ភ្នំពេញ)៖ ទីលានប្រណាំងម៉ូតូស្ដង់ដារអន្ដរជាតិ King Tack Circuit បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយចំណាយថវិកាសាងសង់អស់ជិត ៤លានដុល្លារអាមេរិក លើផ្ទៃដី ២ហិកតា នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។

ពិធីសម្ពោធនេះបានធ្វើឡើងក្រោមវត្តមានលោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា។ លើសពីនេះក៏មានការរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលក្ខណៈមិត្តភាព ដើម្បីអបអរសាទរទីលានថ្មី ដោយមានការចូលរួមពីកីឡាករ ១២០នាក់ផងដែរ។

លោក គង់ ធារ៉ា អ្នករៀបចំកម្មវិធីខាងលើ បានឲ្យដឹងថា ទីលាននេះបានសាងសង់កាលពីខែឧសភា ហើយបញ្ចប់នៅពាក់កណ្ដាលខែមិថុនាកន្លងទៅ ដោយចំណាយថវិកាជិត ៤លានដុល្លារ។ ប៉ុន្ដែគម្រោងមួយនេះ មិនទាន់បញ្ចប់ជាស្ថាពរឡើយ ដោយម្ចាស់ទីលានមានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទីលានហ្វឹកហាត់មួយចំនួន រហូតដល់ផ្ទៃដី ៦ហិតានាពេលអនាគតទៀតផង ។

លោកបន្ដថា ទីលានបង្កើតដោយវិនិយោគិនក្នុងស្រុកនេះ មិនត្រឹមតែបើកទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ ឬការជិះកម្សាន្ដប៉ុណ្ណោះទេ គឺថែមទាំងមានទទួលការបង្ហាត់បង្រៀន ក៏ដូចជាបណ្ដុះបណ្ដាលថ្នាលយុវជន សម្រាប់អ្នកចង់ក្លាយជាកីឡាករ-កីឡាការិនីប្រណាំងម៉ូតូផងដែរ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាយានយន្ដកម្ពុជា និងបំផុសយុវជនឲ្យចូលរួមលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។

ថ្លែងក្នុងឱកាសនោះ លោក មៀច សុផាន់ណា បានឲ្យដឹងថា ក្រោយកើតមានទីលាន King Tack Circuit នៅសង្កាត់ឃ្មួញ លោករំពឹងថា នឹងរួមចំណែកភាពអសកម្មមួយចំនួនតូច ពិសេសគឺក្មេងៗ ដែលនិយមបង្ហោះម៉ូតូតាមផ្លូវ បែរជាមកហ្វឹកហាត់ជំនាញត្រឹមត្រូវលើទីលាន ដើម្បីឈានទៅរកការប្រកួតដោយស្របច្បាប់ ដែលគាំទ្រដោយសហព័ន្ធ។ ដូច្នេះក្នុងនាមសហព័ន្ធ លោកបានទទូចឲ្យយុវជន ត្រូវយកពេលទំនេរពីការសិក្សា និងជួយការងារឪពុកម្ដាយ មកចូលរួមលេងកីឡា ដើម្បីសុខភាព និងជួយសង្គមជាតិ៕