(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានជឿជាក់ និងបន្ដបោះឆ្នោតគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ក្នុងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាទៀត ដើម្បីឆ្ពោះទៅរកការដឹកនាំប្រទេសកាន់តែ អភិវឌ្ឍន៍ សុខសន្ដិភាព ភាពសំបូរសប្បាយ និងស្នើឲ្យប្រជាពលរដ្ឋ ឈប់ចាញ់បោកការឃោសនា ឬការសន្យាខ្យល់របស់បក្សផ្សេងៗ។

លោកថ្លែងអំណរគុណ និងអំពាវនាវប្រជាពលរដ្ឋនេះ ធ្វើឡើងនៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៧ នាឱកាសដែលលោក និងលោកស្រី បាននាំយកទៀនព្រះវស្សារឿងឧបភោគ បរិភោ ទៀនវស្សា និង បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់ចាំ ព្រះវស្សាចំនួន២៧វត្ត ធ្វើនៅបីទីតាំង ឃុំកំពង់ថ្ម ឃុំជ្រាប់ និង ឃុំកកោះក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ដើម្បីចូលរួមក្នុងពិធីកាន់ ព្រះវស្សារយៈ៣ខែរបស់ព្រះសង្ឃតាមពុទ្ធបញ្ញត្តិនោះ។

លោក ជា ចាន់តូ បានលើកឡើងថា ភាពរីកចម្រើនរបស់វិស័យពុទ្ធចក្រ គឺមិនអាចកាត់ផ្ដាច់បានពីការចូលរួម ពីប្រជាពុទ្ធបរិស័ទនិងវិស័យអាណាចក្រពិសេស កក្តាសុខសន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិនោះបានឡើយ ហើយប្រជាពុទ្ធបរិសទ័ខ្មែរដ៏ច្រើនលើសលប់បានចាត់ទុក ព្រះសង្ឃជាស្រែបុណ្យមួយដ៏សំខាន់ផងដែរ។ ដូច្នេះហើយបានជាប្រជាពលរដ្ឋតែងតែ បានប្រតិបត្តិ ​និងជួយទំនុកបំរុងផ្គត់ផ្គង់ ដល់ព្រះសង្ឃតាមកម្លាំងសុទ្ធាជ្រះថ្លារបស់ខ្លួន ពិសេសអំឡុងពេលចូលព្រះវស្សានេះ។

លោកបានបន្តទៀតថា វត្តអារាមក៏ដូចព្រះសង្ឃ មិនមែនត្រឹមតែជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទ ប៉ុណ្ណោះទេប៉ុន្តែក៏ជាទីកន្លែងផ្ដល់ឲ្យសិស្សនិស្សិតក្រីក្រមកពីទីឆ្ងាយៗ បានមកស្នាក់នៅរៀនសូត្រថែមទៀតផង។ តាមរយៈវត្តអារាមនេះ ក៏បានរួមចំណែកជួយការពារថែរក្សាវិស័យព្រះពុទ្ធសាសនា ឲ្យបានគង់វង្សនិងរឹងមាំសម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរ គោរពបូជារៀងរហូតមក។

ទេយ្យវត្ថុដែលលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា បាននាំប្រគេនដល់ព្រះសង្ឃទាំង២៧ វត្តនាឱកាសនោះក្នុង១វត្តៗ ទទួលបានទៀនវស្សា១គូ, អង្ករ, ទឹកសុទ្ធ, ទឹកក្រូច, មី, ស្កសរ, ទឹកដោះគោ, កាហ្វេ, ត្រីខ, តែ, ទឹកស៊ីអ៊ីវ ទឹកត្រី, ប៊ីចេង, អំបិល និងបច្ច័យ២៥ម៉ឺនរៀល៕