(កណ្តាល)៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពចាក់សម្លាប់ យុវជនម្នាក់ ជាបុគ្គលិកហាង Internet នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នោះ ត្រូវបានកម្លាំងនគរបាល ធ្វើការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ រហូតឈានទៅកំណត់មុខសញ្ញាបានហើយ។

លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថាឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Internet (មានហ្គេមតាមអនឡាញ) និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ។

ចំពោះជនសង្ស័យ សមត្ថកិច្ចបានបញ្ជាក់ថា កំណត់អត្តសញ្ញាណបានហើយ តាមរយៈប្រព័ន្ធកាមេរ៉ាសុវត្ថិភាព របស់ម្ចាស់ផ្ទះ។

មន្ត្រីនគរបាលបានឲ្យដឹងថា បើយោងតាមការស្រាវជ្រាវ នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញចូល បន្ទប់ទឹកចំនួន៣ដង ក្រោយមកក៏មកប្រាប់ជនរងគ្រោះថា បន្ទប់ទឹកស្ទុះឲ្យជនរងទៅមើលបន្តិច។ លុះពេលជនរងគ្រោះដើរទៅមើលដល់បន្ទប់ទឹក ជនសង្ស័យក៏ដើរទៅពីក្រោយ រួចច្រានចូលក្នុងបន្ទប់ទឹក ធ្វើសកម្មភាពចាក់សម្លាប់ នៅក្នុងបន្ទប់ទឹកនោះតែម្តង។ លុះចាក់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានដើរចេញពីបន្ទប់ មកប្រាប់បុគ្គលិកហាងម្នាក់ទៀតថា ជនរងគ្រោះដួលក្នុងបន្ទប់ទឹកបែកក្បាលហូរឈាម ជួយទៅមើល និងជួយជូតឈាមឲ្យគេផង ប៉ុន្តែបុគ្គលិកម្នាក់ទៀតនេះ បានឃើញជនសង្ស័យដៃកាន់កាំបិតក៏ស្ទុះរត់ ចេញក្រៅផ្ទះ ទៅប្តឹងនគរបាលឲ្យមកជួយអន្តរាគមន៍ ភ្លាមនោះនគរបាលបានចុះមកដល់ក៏ប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកបាត់ទៅហើយ។ ចំណែកឯជនសង្ស័យក៏បានគេចខ្លួនបាត់។

ឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា គាត់មានកូន៣នាក់ ហើយកូនដែលស្លាប់នេះ គឺជាកូនទី២។ កូនគាត់នៅឯស្រុកកំណើតមិនដែល មានរឿងរ៉ាវជាមួយអ្នកដទៃនោះទេ តែមកកន្លែងធ្វើការគាត់មិនដឹងទេ ព្រោះគាត់នៅឯស្រុកកណើតឯណោះ ប៉ុន្តែអ្វីដែលគាត់រន្ធត់នោះ គឺថ្ងៃស្អែកត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ គឺកូនគាត់ឈប់ពីកន្លែងធ្វើការនេះ ត្រឡប់ទៅផ្ទះវិញ តែឥឡូវនេះត្រូវបានគេសម្លាប់ បាត់ទៅហើយ។

លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងទៀតថា ករណីសម្លាប់យុវជនជាបុគ្គលិកហាង Internet នៅក្នុងបន្ទប់ទឹកផ្ទះល្វែងនេះ គឺជាករណីគំនុំ ព្រោះជនសង្ស័យមិនបាន យកទ្រព្យសម្បត្តិជនរងគ្រោះនោះទេ ហើយពេលនេះលោកបានកំណត់អត្តសញ្ញារួចហើយ តាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ៕