(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ មានករណីលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់ជាថ្មីម្តងទៀត នៅរោងសិប្បកម្មផលិតទឹកកកមួយកន្លែង នៅតាមផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញនោះ និងដល់សិស្សសាលា ដែលកំពុងរៀននៅជិតនោះដែរ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញពីផលប៉ះពាល់ នៃឧស្ម័នអាម៉ូញ៉ាក់នេះ ក៏សម្រេចឲ្យសិស្សសាលា នៅជិតនោះផ្អាកសិក្សាមួយរយៈពេលខ្លីសិន និងបានប្រើប្រាល់រថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកបន្សាបឧស្ម័នអាម៉ូញ៉ាក់នោះផងដែរ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ទីតាំងផលិតទឹកកកខាងលើនេះ ធ្លាប់បានលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់​បែបនេះម្តងរួចមកហើយ ដែលពេលនោះសមត្ថកិច្ចក៏បានផ្អាក មិនឲ្យផលិតទឹកកកនេះបន្តទៀត ប៉ុន្តែដោយសារការត្រូវរ៉ូវគ្នាជាមួយ អាជ្ញាធរពាក់ព័ន្ធក៏បើកដំណើរការឡើងវិញ៕