(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសបងប្អូនស្រ្ដី ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់គ្រឿងសំអាង ដែលមានចរាចរណ៍នៅកម្ពុជា គ្មានការបញ្ជាក់ត្រឹមត្រូវ ឬការត្រួតពិនិត្យ ទៅតាមបច្ចេកទេស ពីប្រទេសដែលផលិត និងមិនចុះបញ្ជីការ ពីក្រសួងសុខាភិបាល វានឹងបណ្ដាលឲ្យមានហានិភ័យខ្ពស់ដល់សុខភាព គឺឈានទៅកើតជំងឺមហារីកស្បែកផងដែរ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបែបនេះ ក្នុងឱកាសផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងសំអាង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងទៀតថា «រាល់គ្រឿងសំអាងទាំងអស់ សុទ្ធតែមានផលប៉ះពាល់ដល់សុខភាព គ្រាន់តែតិចនិងច្រើន ព្រោះវាតែងតែមានសារធាតុគីមី ដូច្នេះមុននឹងបងប្អូនប្រើប្រាស់ សូមមេត្ដា ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ទាំងកាលបរិច្ឆេទ, ការបញ្ជាក់ច្បាស់ពីប្រវត្ដផលិតផល និងការចុះបញ្ជីការត្រឹមត្រូវពីក្រសួងសុខាភិបាល ដែលបានបិទនៅលើប្រអប់គ្រឿងសំអាងនីមួយៗ បើគ្មានការបញ្ជាក់ត្រឹមត្រូវនោះទេ សូមកុំប្រើប្រាស់តែម្ដង ព្រោះវាមាននឹងប៉ះពាល់ដល់សុខភាព ដោយប្រតិកម្មផ្សេងៗ ដែលក្លាយទៅជាមហារីកស្បែក»

ទន្ទឹមនឹងនោះ លោកក៏អំពាវនាវដល់អាជីករ លក់ដូរ និងអ្នកនាំចូលនូវផលិតផលគ្រឿងសំអាង ដែលមានទាំងអ្នកលក់នៅតាមប្រព័ន្ធអនឡាញផងដែរថា សូមចូលរួមគោរពច្បាប់ ឲ្យបានត្រឹមត្រូទាំងអស់គ្នា សូមកុំលក់ផលិតផលក្លែងក្លាយ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ពីប្រទេសផលិត និងការចុះបញ្ជីការរបស់ក្រសួងសុខាភិបាល រួមទាំងសូមកុំបំប៉ោងព័ត៌មាន ពីផលិតរបស់ខ្លួន ប្រាប់ដល់អ្នកប្រើប្រាស់ ដែលធ្វើឲ្យធ្វើឲ្យពួកគាត់ ដែលចង់សរ ស្អាត រាងស៊្វែល ជាមួយឱសថ និងគ្រឿងសំអាងផ្សេងៗ ប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ហើយក្នុងនោះបងប្អូនអ្នកប្រើប្រាស់ខ្លួនឯង ក៏ត្រូវគិតចេះពិចារណា និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងជ្រើសរើស យកប្រើប្រាស់ អ្វីដែលមិនប៉ះពាល់ដល់សុខភាពរបស់យើង។

លោកស្រីវេជ្ជបណ្ឌិត ក៏ថ្លែងបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នឹងមិនព្រងើយកន្ដើយ នឹងការចាត់វិធានការ ទៅដល់ក្រុមហ៊ុនណា ដែលប្រព្រឹត្ដខុសនឹងច្បាប់របស់ក្រសួងនោះឡើយ ខណៈដែរ ក្រសួងសុខាភិបាល មានច្បាប់គ្រប់គ្រងគ្រឿងសម្អាងនេះ តាំងពីឆ្នាំ២០០៨មក៕