(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពេលនេះ កំពុងដើរកម្សាន្តនៅទីក្រុងមាត់សមុទ្រហួរហ៊ីន ប្រទេសថៃ ជាមួយក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ ក្រោយពេលប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ គ្រាដែលសកម្មជនរបស់ខ្លួន កំពុងជាប់ពន្ធនាគារនៅឡើយ។

តាមការបង្ហើបរបស់មន្រ្តីគណបក្សប្រឆាំង បានឱ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក កឹម សុខា និងក្រុមគ្រួសារ បានទៅកម្សាន្តនៅតំបន់មាត់សមុទ្រហួរហ៊ីន ប្រទេសថៃ ហើយល្ងាចថ្ងៃដដែលនេះ លោកវិលមកក្រុងបាងកក។ ដោយឡែកនៅល្ងាចថ្ងៃស្អែក ទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោកនឹងវិលត្រលប់មកភ្នំពេញវិញ។

ការដើរកម្សាន្តរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី សាលាឧទ្ធរណ៍ បានសម្រេចច្រានចោលនូវ បណ្តឹងរបស់មេធាវី ដែលស្នើដាក់ មោឃភាព​សាលក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស លោក មាជ សុវណ្ណារ៉ា និងសកម្មជន CNRP ១០នាក់ ដោយគ្មានមេធាវី នាពេលកន្លងទៅ។

លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ រួមមាន ឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដាឆ្នាំ២០១៤។

សកម្មភាពកម្សាន្តសប្បាយរបស់ លោក កឹម សុខា​ កំពុងរងការរិះគន់ពីសកម្មជនគណបក្សសង្រ្គោះជាតិថា កូនចៅកំពុងតែ រងទុក្ខ ចំណែកមេបក្សបែរជាដើរកម្សាន្ត នៅក្រៅប្រទេសយ៉ាងរំភើយ។ សកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ ក៏បានលើកឡើងទៀតថា ការដើរកម្សាន្តរបស់លោក កឹម សុខា នាពេលនេះ ជាការបង្ហាញថា គាត់មិនបានយកចិត្តទុកដាក់ ចំពោះសមាជិករបស់គណបក្សសង្រ្គោះជាតិ ដែលកំពង់ជាប់ឃុំឡើយ៕