(បាត់ដំបង)៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន «វុឌ្ឍន៍ សុភាព» បុកអ្នកសុំទានម្នាក់​ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយអ្នកបើកបររត់គេចខ្លួនបានស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅ​នាវេលាម៉ោង០១៖៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅត្រង់​ចំណុចក្រុមទី៨ ភូមិ​វត្តតាមឹម ឃុំអូរដំបង១ ស្រុក​សង្កែ​ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ​រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «វុឌ្ឍន៍ សុភាព» ពាក់ស្លាកលេខភ្នំពេញ 3C-6730 បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវលេខ១៥៧ ពេលមកដល់ចំណុច​ខាងលើ ស្រាប់តែមានអ្នកថ្មើរជើងម្នាក់ដែលគេស្គាល់គាត់ថា ជាអ្នកដើរសុំទាន ដែលមានអាយុប្រហែលជាង៦០ឆ្នាំ បានដើរឆ្លងផ្លូវថ្នល់ ក៏ត្រូវរថយន្តក្រុងនោះបុកស្លាប់ភ្លាមៗនៅនឹងកន្លែង​ ហើយអ្នកបើកបរបានរត់គេចខ្លួនតែម្ដង។

បច្ចុប្បន្នរថយន្ដក្រុងត្រូវបានកម្លាំងនគរបាល យកទៅរក្សាទុកនៅអធិការស្រុកសង្កែ ហើយសពត្រូវបានយកទៅទុកនៅវត្តតាមឹម ដើម្បីរង់ចាំសាច់ញាតិ៕