(សៀមរាប)៖ ក្រោយ​ការរិះគន់ពីមជ្ឈមដ្ឋានទូទៅ ពិសេសសង្គមស៊ីវិល​ថា កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើបាបទៅលើព្រះសង្ឃកម្ពុជាក្រោមមួយអង្គ និងអាចារ្យម្នាក់ ដែលបានបាត់ខ្លួន នៅសង្កាត់ក្របីរៀលនោះ ពេលនេះនគរបាលក្រុងសៀមរាប បានចេញបកស្រាយពីដំណើររឿង ដែលឈានរហូតដល់ការបាត់ខ្លួនព្រះសង្ឃ និងអាចារ្យ។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី០២ ខែកក្កដានេះថា ពេលនេះកម្លាំងនគរបាលកំពុងតែដាក់ការសង្ស័យថា ករណីនេះជាការរៀបចំឡើងដោយក្រុមណាមួយ ដើម្បី​ធ្វើឲ្យមានការយល់ច្រឡំ ​មកលើសមត្ថកិច្ច​ក្នុងបំណងមិនល្អ ហើយពេលនេះកម្លាំងនគរបាលកំពុង ​ធ្វើការស្វែងរក​អ្នកទាំងពីរ ​ដើម្បីរក្សាសុវត្ថិភាព​ជូន​ផងដែរ​។

អធិការក្រុងសៀមរាប បានរៀបរាប់ពីដំណើររឿងយ៉ាងដូច្នេះថា កាលថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៧ វេលាម៉ោង​២០៖៤៥នាទីយប់ បងប្អូនប្រជាការពារសង្កាត់ក្របីរៀល បានទទួលដំណឹងពីបងប្អូន ប្រជាការពារសង្កាត់ស្រង៉ែ ​តាមរយៈប្រពន្ធ័វិទ្យុទាក់ទង (អាយកូម)​ ថា ឲ្យមកជួយមើល​លោកសង្ឃមួយអង្គ និងតាចាស់ម្នាក់មិនដឹង​និមន្តទៅណា មកណាទេទាំងយប់! តាមផ្លូវគ្រួសក្រហមពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត​។

បន្ទាប់ពីទទួលដំណឹង សមាជិកប្រជាការពារសង្កាត់ស្រង៉ែ ក៏បាន​តាមរកមើល ស្រាប់តែប្រទះឃើញព្រះសង្ឃមួយអង្គ និងតាចាស់ម្នាក់ នៅចំណុចលើថ្នល់ដីក្រហម ស្ថិតក្នុងព្រំប្រទល់ភូមិតាចក និងភូមិចន្លោង ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការសង្ស័យ កម្លាំងប្រជាការពារក៏បានសួរនាំ តែនិយាយគ្នាស្តាប់មិនបាន ដូចមនុស្សវង្វេងស្មារតី ដោយសង្កេតឃើញថា ព្រះសង្ឃ និងតាចាស់ទាំងពីរ មិនមានឯកសារ ឬព្រះឆ័យលក្ខ​ជាប់ខ្លួនទេនោះ ខណៈកំពុងសួរនាំ ស្រាប់តែព្រះសង្ឃ និងតាចាស់នោះ ផ្តួលខ្លួនដេកឱបគ្នានៅលើថ្នល់ដីក្រហម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន​ប្រជាពលរដ្ឋ ដែលមានទីលំនៅ​​ក្បែរកន្លែងកើតហេតុ ហើយចេញមកឈររោមមើលជាច្រើននាក់ផងដែរ។

បន្ទាប់មកនៅវេលាម៉ោង៨៖០០នាទីយប់ កម្លាំងប្រជាការពារបាននាំព្រះសង្ឃ និងតាចាស់នោះមក ប្រគល់ឲ្យនគរបាលប៉ុស្តិ៍នរដ្ឋបាលសង្កាត់ស្រង៉ែ ដើម្បីសាកសួរបន្ថែម ដោយការសាកសួរនោះដឹកនាំ ដោយលោកអនុសេនីយ៍ទោ ធាវ ធឿត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ និងបានត្រួតពិនិត្យសម្ភារៈ ដែលមាននៅជាប់នឹងខ្លួន​ ព្រះសង្ឃនិងតាចាស់នោះ ឃើញមាន​ត្រាមូលធំចំនួនមួយ សម្ភារៈផ្សេងៗទៀតដូចជា ចែរកាច់ដុំថ្មតូចៗពណ៌ខ្មៅជាច្រើនដុំ និងលុយមួយចំនួននៅក្នុងថង់យាម តែសមត្ថកិច្ចយើងមិនបានធ្វើការដកហូតអ្វីឡើយ​។

តាមការព្យាយាមសាកសួរព្រះសង្ឃ និងតាអាចារ្យនោះ បានប្រាប់ថា ចង់និមន្តទៅភ្នំគូលែន​។ ក្រោយមកនៅវេលាម៉ោង០៨៖៥០នាទីយប់ លោកនាយប៉ុស្តិ៍ក៏បាន ណែនាំឲ្យប្រជាការពារយកម៉ូតូដឹកព្រះសង្ឃ និងតាចាស់នោះទៅបេនឡាន ប៉ុន្តែពេលឌុបម៉ូតូមកដល់មុខក្លោងទ្វារចូលវត្តមេត្តាករុណា ព្រះសង្ឃ និងតាអាចារ្យ នោះបានលោតចុះពីលើម៉ូតូ ហើយផ្តេកខ្លួនដេកឱបគ្នានៅនឹងដី ថែមទាំងបាន​ទាញដោះស្បង់ចីវរ និងរបស់របរដែលជាប់នៅនឹងខ្លួនចោលអស់ បន្តិចក្រោយមកក៏ស្ទុះ​ងើបរត់គេចខ្លួនបាត់ កម្លាំងប្រជាការពារបានព្យាយាមដើររកមើលដែរ តែរកពុំឃើញ​រហូតដល់វេលាម៉ោង១៖១៥នាទីយប់ ឆ្លងចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ប្រជាការពារបានសម្រេចឈប់ដើររកហើយ ត្រលប់ទៅគោលដៅរៀងៗខ្លួន​វិញ។

លោក ទិត្យ ណារ៉ុង បន្ថែមថា លុះនៅព្រឹកថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០១៧ វេលាម៉ោង​០៧៖៣០​នាទី កម្លាំងសមត្ថកិច្ច​បានជួបប្រទះឃើញពួកគាត់ទាំងពីរនាក់ នៅមុខវត្តកេសរារាម ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ដោយលើដងខ្លួនមានស្លៀកការ៉ុង គ្មានអាវ បំរុងរត់ចូលឡានដែលកំពុងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៦ ពេលនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ នាំមកក្នុងបរិវេណវត្តកេសរារាម ដើម្បីសួរនាំ តែអ្នកទាំងពីរ​និយាយស្តាប់គ្នាមិនយល់ ដោយឃើញអ្នកទាំងពីរស្លៀកការ៉ុង គ្មានអាវពាក់ សមត្ថកិច្ចយើង​បានណែនាំ និងជួយរកខោ​ឲ្យអ្នកទាំងពីរស្លៀក ពេលនោះមានកូនសិស្សនៅក្នុងវត្ត បានឲ្យខោខ្លីពណ៌ខៀវ (ខោកីឡា) ចំនួន០២ខោ ក្រោយស្លៀកខោរួចអ្នកទាំងពីរក៏បានដេកឱបគ្នា​យ៉ាងចំឡែក ប្រហែល១៥នាទីក្រោយមកអ្នកទាំងពីរក៏ងើបស្ទុះរត់ ចូលគន្លងផ្លូវជាតិលេខ៦ទៀត។ សមត្ថកិច្ចយើងបានពិភាក្សាគ្នា ដឹកអ្នកទាំងពីរទៅដាក់នៅក្នុងបរិវេណវត្ត ទេពប្រណម ស្ថិតក្នុងបរិវេណប្រាសាទអង្គរធំ ដើម្បីសុវត្ថិភាព។

ប៉ុន្ដែលោកអធិការបញ្ជាក់ថា ក្រោយពីយកទៅដាក់នៅវត្តទេពប្រណមហើយ ព្រះសង្ឃ និងតាអាចារ្យនោះក៏បានបាត់ខ្លួនតែម្ដង ដោយមិនដឹងទៅដល់ទីណានោះទេ ទោះបីកម្លាំងនគរបាលកម្លាំងតាមរកដល់ភ្នំគូលែនក៏រកមិនឃើញដែរ។ មកទល់ពេលនេះកម្លាំងនគរបាល កំពុងតែធ្វើការស្រាវជ្រាវបន្ដទៀត ដើម្បីចង់ដឹងថា តើនេះជារឿងអ្វីឲ្យពិតប្រាដក?។​

ប្រសិនបើបងប្អូនប្រជាពលរដ្ឋប្រទះឃើញព្រះសង្ឃ និងតាអាចារ្យ ដែលមានភិនភាគដូចរូបភាពខាងក្រោម សូមធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈទូរសព្ទ័លេខ៖ 012 630 641 (លោកវរសេនីយ៍​ឯក ទិត្យ ណារ៉ុង) / 012 239 240៕