(ភ្នំពេញ)៖ សិស្សប៊ែលធីចំនួន ៧១នាក់ បានទៅចូលរួម កម្មវិធីបោះជំរំជាអន្តរជាតិ (World Camp 2017) នៅប្រទេសកូរ៉េ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង ៤,០០០នាក់ មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានាចំនួន២២ ចូលរួមផងដែរ។

តាមរបាយការណ៍ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធី អន្តរជាតិ បានឲ្យដឹងថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានស្នើសុំសិស្សប៊ែលធីចំនួន ៧១នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០១៧ នៅ សាធារណរដ្ឋកូរ៉េ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី១៤ ខែកក្កដា ដោយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ៗជាច្រើនដូចជា ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន សាកលវិទ្យាល័យពូយ៉ុង និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។

យុវសិស្ស លី សេងឆាយ ថ្នាក់ទី១១ សាខាទី៣ បាននិយាយឲ្យដឹងថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេពិតជាមានអាម្មណ៍សប្បាយរីករាយ នាពេលនេះ ដែលបានធ្វើដំណើរជាមួយសិស្សដទៃទៀតចំនួន៧១នាក់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំប៊ែលធី និងម្យ៉ាងទៀត រូបគេមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាព យុវជនដែលបានចូលរួមជាង៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើង ទៅឲ្យយើងប្រទេសដទៃ បានស្គាល់និងដឹងផងដែរ។ ជាមួយគ្នានោះ យុវសិស្សរូបនេះក៏បានថ្លែងអំណរគុណដល់ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការប៊ែលធីអន្តរជាតិ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅជា មួយជាតិសាសន៍ដទៃ។

ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងថា នេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្សរបស់យើង ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីជាអន្តរជាតិ ដែលមានប្រទេសជាច្រើនបានចូលរួម ដែលជាមោទនភាពជាតិរបស់យើងជាមួយបណ្តាលប្រទេសជាច្រើនទូទាំងសាកលលោក ហើយនេះគឺជាមោទនភាពរបស់ជាតិយើងទាំងមូល ក៏ដូចជាបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើវិស័យអប់រំរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ នេះជាលើទី៤ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ដែលមានចំនួនសរុប ៤០៩នាក់។ គោលបំណង និងអត្ថប្រយោជន៍នៃការបញ្ជូនសិស្សអោយចូលរួមក្នុងកម្មវិធីបោះជំរំជាលក្ខណៈអន្តរជាតិនេះ រួមមាន៖
ទី១- អោយសិស្សរបស់យើងមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅនិងធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗ ដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។
ទី២- អោយសិស្សរបស់យើងបានឃើញ បានស្គាល់និងសិក្សាស្វែងយល់ អំពីបរិយាកាសថ្មីៗរបស់ប្រទេសកំពុងរីកចំរើន ដើម្បីធ្វើជាទុនសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍ ប្រទេសជាតិអោយបានរីកចំរើនទៅអនាគត។
ទី៣- ការចូលរួមបោះជំរំនេះបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យ ពិភពលោកបានស្គាល់នូវ ទំនៀមទំលាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕