(អូស្ត្រាលី-ណូវ៉ែលហ្សេឡង់)៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំកម្មវិធីខួបកំណើតគណបក្សប្រជាជនកម្ពុជា លើកទី៦៦ (២៨ ខែមិថុនា ១៩៥១ - ២៨ ខែមិថុនា ២០១៧) នៅទីក្រុង Sydney ប្រទេសប្រទេសអូស្ត្រាលី ទីក្រុង Hamilton ទីក្រុង Auckland ដែលមានសមាជិក សមាជិកា នៅទីក្រុង Sydney សរុបប្រមាណជាង៥០០នាក់ និងនៅណូវ៉ែលហ្សេឡង់ជាង១០០នាក់។

កម្មវិធីនេះមានការចូលរួមផ្ទាល់ និងតាម Online ពីលោក កុយ គួង ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវវ៉ែលហ្សេឡង់ និងលោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក ហ៊ួរ ហាប់ ប្រធានក្រុមការងារតំបន់៣ (Sydney) និងលោក កៅ ថាច ប្រធានក្រុមការងារតំបន់៥ (Auckland-Hamilton) ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារ មួយចំនួនទៀត។ កម្មវិធីនេះប្រព្រឹត្តិទៅដោយរលូន, ភាពសប្បាយរីករាយ, សាមគ្គីភាពផ្ទៃក្នុងបានល្អរវាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់។

នៅក្នុងឱកាសនោះដែរ លោក កុយ គួង ក៏បានពាំនាំការផ្តាផ្ញើការសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេចអនុប្រធានទាំងពីរ ដល់បងប្អូនសមាជិក សមាជិកទាំងអស់ ដែលបានតែងតែគាំទ្រគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាកន្លងមកផងដែរ។ នៅក្នុងឱកាសនោះផងដែរលោក គឹម សន្តិភាព ក៏បានជម្រាបជូនអង្គពិធីនូវសភាពការណ៍ថ្មីៗរបស់កម្ពុជា ជាពិសេសការ រីកចម្រើនគ្រប់វិស័យរបស់សង្គមជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលទ្ធផលជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងត្រចះត្រចង់ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅថ្មីៗនេះ៕