(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងលោកស្រី សុង ផល្លីន សួនបវរ ភរិយារបស់លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សា ក្នុងស្រុកមួយចំនួន នៅខេត្តបន្ទាយមានជ័យ។

បណ្ដាវត្តដែលលោកស្រីប្រធាន និងក្រុមការងារអញ្ជើញចុះដល់នោះ រួមមាន៖ វត្តពោធិ៍វិនយរោគ ស្ថិតនៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក, វត្តរតនវនារាម ជិតប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក, វត្តក្តឹបថ្ម ស្ថិតនៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក, វត្តវេឡុនរាម វត្តហ្លួងស៊ីសុវត្ថិ និងវត្តអញ្ចាញ ស្ថិតនៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី និងវត្តបាលិលេយ្យ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត។

ក្នុងវត្តនីមួយៗបានប្រគេនទៀន១គូ មី៤កេះ ទឹកក្រូច៤កេះ អង្ករ១៥០គីឡូ ទឹកបរិសុទ្ធ១០យួរ ប៊ីចេង៥គីឡូ ស្ករស៥គីឡូ អំបិល៥គីឡូ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ចំណែកលោកតា លោកយាយ ដែលបានចូលរួមនាឱកាសនោះ ក៏ទទួលបានម្នាក់សារ៉ុង១ ថវិកា១ម៉ឺនរៀលផងដែរ។

ជាមួយគ្នានេះ លោកស្រីទាំង២ បានឧបត្ថម្ភមួយវត្តៗ បច្ច័យចំនួន១លាន៧សែនរៀល ក្នុងនោះវត្តវេឡុនរាមឫស្សីក្រោក កសាងអស់១១ លាន៧សែនរៀល និងវត្តលួងស៊ីសុវត្ថិ ៦លានរៀលផងដែរ។