(ឧត្តរមានជ័យ​)៖​ កម្លាំងនគរបាលស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែល​ពាក់ព័ន្ធការគាស់សិប្បកម្មគ្រឿងឈើរបស់ពលរដ្ឋ​ នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះ។​

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូនបានទី១៖ឈ្មោះ បូ សុបាន អាយុ៣៥ឆ្នាំ, ទី២៖ឈ្មោះ វឿន កួន អាយុ៣០ឆ្នាំ និងទី៣៖ឈ្មោះ ចាន់ សាមី អាយុ២២ឆ្នាំ ក្នុងកម្លាំងនគរបាលដកហូតបាន ​ឈើ​បេង ចំនួន​៧​សន្លឹក និង​ម៉ូទរកាត់ឈើ១។

ប៉ុន្ដែបើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ​ ជន ចំរើន អាយុ៣៧​ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង បានអះអាងថា ​ជនសង្ស័យលួចយកឈើបេង និងឈើធ្នង់ សម្រាប់កែឆ្នៃធ្វើតុទូ ចំនួន​​៥៧​សន្លឹក ដែលទុកក្នុងរោងសិប្បកម្ម កន្លែងកើតហេតុខាងលើ​។

បច្ចុប្បន្នកម្លាំងជំនាញ ​បានកសាងសុំណុំរឿង​បញ្ជូនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីចាត់ការបន្ដ៕