(កំពង់ស្ពឺ)៖ នៅថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៧នេះ​ កម្លាំងកងរាជអាវុធស្រុកឪរ៉ាល់ បានយកសត្វព្រៃ ទៅលែងចូលព្រៃធម្មជាតិវិញ នៅវារីអគ្គីសនីស្ទឹងច្រាលជាលើកទី២ ហើយសត្វដែលបានលែងពេលនេះមាន អណ្តើកទឹក កន្ធាយ អណ្តើកភ្នំ ដោយមានការចូលរួមពី មន្ត្រីបរិស្ថានឧទ្យានជាតិគីរីរម្យ ប្រចាំតំបន់ស្ទឹងច្រាលផងដែរ។

​លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បានឲ្យដឹងថា សត្វអណ្តើក និងកន្ធាយដែលបានយកមកប្រលែង នាពេលនេះ បានមកពីការទិញបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមការទិញមកលែងនេះដែរ លោកបានអប់រំណែនាំ ដល់ពួកគាត់ឲ្យឈប់ប្រព្រឹត្តរបរចាប់សត្វព្រៃផងដែរ។

សូមជម្រាបថា ​លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឲ្យកម្លាំងទូទាំងខេត្តកំពង់ស្ពឺ ត្រូវសហការ​បង្ក្រាបក្រុមអ្នកជួញដូរសត្វព្រៃ រួមគ្នាអភិរក្សសត្វកម្រ ឲ្យរស់នៅក្នុងព្រៃធម្មជាតិ ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យប្តូរមុខរបរពីការ​បាញ់សត្វលក់ ឲ្យប្រកបការងារផ្សេង​​៕