(ពោធិ៍សាត់)៖ មន្ត្រីអនុរក្សពន្ធនាគារ ម៤ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា អ្នកទោសដែលកំពុងជាប់នៅពន្ធនាគារព្រៃស (ម១) ចំនួន១០០នាក់ ត្រូវបានបញ្ជូនដល់​ពន្ធនាគារ ម៤ ដែលទើបបង្កើតថ្មី នៅក្នុងទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសុវត្ថិភាពហើយ ​នៅវេលាម៉ោងប្រមាណជាង១១៖០០ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីសម្រួល​ និងកាត់បន្ថយចង្អៀតណែន ដោយសារអ្នកទោសច្រើនពេកនៅពន្ធនាគារព្រៃស។​

​សូមបញ្ជាក់ថា ភាពណែនចង្អៀតនៅក្នុងមន្ទីរឃុំឃាំងពន្ធនាគារព្រៃស ត្រូវបានមជ្ឈមដ្ឋានមួយចំនួន ក៏ដូចជា អ្នកធ្លាប់ជាប់ពន្ធនាគារ រិះគន់ថា បន្ទប់តូចចង្អៀត ប៉ុន្ដែដាក់អ្នកទោសច្រើន។ ជាក់ស្ដែងលោក យី សុខសាន្ដ មន្ដ្រីជាន់ខ្ពស់សមាគមអាដហុក ដែលត្រូវបានដោះលែងកាលពីម្សិលមិញ បាននិយាយថា បន្ទប់ដែលលោកជាប់ឃុំ គឺតូចចង្អៀតពោលទំហំ២០ម៉ែត្រការ៉េ ប៉ុន្ដែដាក់អ្នកទោសជាង២០នាក់។

យ៉ាងណាក៏ដោយ ការបង្កើតពន្ធនាគារ ម៤ នៅលើកទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ត្រូវបានគេមើលឃើញថា នឹងចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីលើកកម្ពស់ នៃការឃុំខ្លួនអ្នកទោស ដែលទទួលយកបានពីមជ្ឈមដ្ឋាននានា៕