(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបជនជាតិចិន៧៣នាក់ ដែលចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet នៅ៣រាជធានី-ខេត្ត ពោលគឺនៅរាជធានភ្នំពេញ, ខេត្តកំពត និងខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេនសន៍ ប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង៣ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាផងដែរ។

ប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងថា ទីតាំងទី១៖​បង្ក្រាបនៅ​ភ្នំពេញ ដោយសហការជាមួយកម្លាំង នៃស្នងការនគរបាលរាជធានីភ្នំពេញ ​ចំនួន​០៧គោលដៅ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបានចំនួន៣៥នាក់ ក្នុងស្រី១១នាក់។ ទីតាំងទី២៖​បង្ក្រាបនៅខេត្តកំពត សហការជាមួយកម្លាំង នៃស្នងការនគរបាលខេត្តកំពត ចំនួន០៣គោលដៅ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបានចំនួន៣៨នាក់ ក្នុងស្រី១១នាក់។ ទី៣៖បង្ក្រាបនៅខេត្តកណ្ដាល សហការជាមួយកម្លាំង នៃស្នងការនគរបាលខេត្តកណ្ដាល ចំនួន០២គោលដៅ និងដកហូតបានវត្ថុតាងមួយចំនួន។​

ក្រោយធ្វើការបង្ក្រាបបានក្រុម​ឧក្រិដ្ឋជនទាំង៧៧នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕