(កំពត)៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាលខេត្តកំពត ដោយមានការសម្របសម្រួលពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តកំពត បានធ្វើការបង្ក្រាបជនជាតិចិន៣៨នាក់ ដែលពាក់ព័ន្ធករណីជំរិតប្រាក់តាមប្រព័ន្ធ Internet។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅ២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១៖ ឃាត់ខ្លួនបាន១៨នាក់ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល និងទីតាំងទី២៖​ ឃាត់ខ្លួន២០នាក់ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

​លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បាន​ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនជាតិចិនដែលឃាត់ខ្លួននោះ មានចំនួន៣៨នាក់ ក្នុងនោះស្រី១៨នាក់ ហើយជនជាតិចិនទាំងនេះ​ មានជាប់ពាក់ព័ន្ធ​ករណីចាប់ជំរិតតាមប្រព័ន្ធអនឡាញ ដែលសមត្ថកិច្ចរដ្ឋាភិបាលចិន ​បានស្រាវជ្រាវរកឃើញ។

នាយការិយាល័យរូបនេះ បញ្ជាក់ថា​ ក្រោយឃាត់ខ្លួនបានជនជាតិទាំងអស់ខាងលើនេះភ្លាម បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយក៏បញ្ជូនបន្តទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕