(សៀមរាប)៖ ភ្ញៀវទេសចរអន្តរជាតិ ដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៦ខែដើមឆ្នាំ​២០១៧នេះ មានចំនួន​១,២៣៣,១៣៧នាក់ កើនឡើងចំនួន១២.៩២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ហើយរកចំណូលបានចំនួន៥២,១៦៧,៩៧២ដុល្លារ​ គឺកើនឡើង ៦៦.៨២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលប្រគល់ជូនអង្គភាព Fresh News នៅមុននេះបន្តិច ។

បើតាមរបាយការណ៍នេះដែរបានឲ្យដឹងទៀតថា សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅខែមិថុនា ឆ្នាំនេះ បានទទួលលទ្ធផល ដូចខាងក្រោម៖

១-អំពីស្ថានភាពភ្ញៀវ ទិញប័ណ្ណមានចំនួន ១៤០,៧៦០សន្លឹក ធៀបនឹងរយ:ពេលដូចគ្នាខែមិថុនា ឆ្នាំ២០១៦ មានការកើនឡើង ១៧.៩៩ភាគរយ។
២-ក្នុងនោះមានចំណូលសរុប៦,២៥៤,៣៧០ដុល្លារ មានការកើនឡើង៨៩.៦៥ភាគរយ នៃខែមិថុនា ឆ្នាំ២០១៦។

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា ចំពោះថវិកាដែលទទួលបានពីលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ក្នុង១សន្លឹកត្រូវដកចំនួន២ដុល្លារ បង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះអាយុជីវិត របស់កុមារកម្ពុជា ដោយពេល៥ខែកន្លងមកនេះ ពោលចាប់ពីខែកុម្ភៈ ដល់ខែមិថុនា បានចំនួន១,៨៩២,១៩២ដុល្លារ ក្នុងនោះសម្រាប់ខែមិថុនា បង់ចូលមូលនិធិគន្ធបុប្ផា ចំនួន២៨១,៥២០ដុល្លារ៕