(ភ្នំពេញ)៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ចំពោះក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទ និងសម្ភារផ្សេងៗពី​ប្រជាពលរដ្ឋតាមដង​ផ្លូវ​សាធារណៈ​យ៉ាងកក្រើក ក្នុងរាជធានីភ្នំពេញ ពិសេសបានធ្វើសកម្មភាពឆក់កាបូប​ពីស្ត្រីរងគ្រោះជាអ្នកគ្រូនាយកសាលាបង្រៀនភាសារចិនម្នាក់ បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ស្ទើរតែស្លាប់បាត់បង់ជីវិតពេលបញ្ជូនយកទៅសង្គ្រោះជាបន្ទាន់នៅឯមន្ទីរពេទ្យនោះ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមស៉ើបអង្កេតរហូតបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងមួយសំបុក មានបក្ខពួកដល់ទៅ៨នាក់។

ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរឆក់កាបូបទាំងនេះ បានធ្វើឡើងក្រោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី​សំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក សៀង សុខ ផងនោះ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការដាក់បង្ហាញមុខក្រុមជនសង្ស័យជាសាធារណៈ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី។

លោក ប៊ុន សត្យា បានបញ្ជាក់ថា ក្នុងប្រត្តបត្តិការស្រាវជ្រាវ ហើយអាចឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុម​ជនសង្ស័យជាចោរឆក់យ៉ាងសកម្មទាំង៨នាក់ខាងលើនេះដែរ ត្រូវបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់បំផុតកាលពីថ្ងៃទី២៥ ខែមិថុនា រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ «ពោលត្រឹមរយះពេល៦ថ្ងៃ» បន្ទាប់ពីហេតុការណ៍ដ៍សាហាវឃោឃៅ​មួយបានកើតឡើងទៅលើស្ត្រីរងគ្រោះម្នាក់ឈ្មោះ សេង អេង អាយុ៦៨ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅសាលាភាសារចិន ស្នាក់នៅផ្ទះលេខ១៦A ផ្លូវ២៥៧ ស្ថិតក្នុងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វើដំណើរជិះម៉ូតូឌុបចេញទៅ​ពិនិត្យឈាមនៅគ្លីនិច «មយូម៉េត» ដែលមានទីតាំងស្ថិតនៅស្តុបដេអិន ខណៈជនរងគ្រោះជិះម៉ូតូឌុបត្រឡប់មកវិញ​ដល់ចំណុចមុខផ្ទះលេខ៥៦ ផ្លូវ២៣០ ក្រុម១៦ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ស្រាប់តែលេចមុខជនសង្ស័យមួយ​ក្រុមជិះម៉ូតូ៤គ្រឿង មានបក្ខពួក៨នាក់ បានមកធ្វើសកម្មភាពឆក់ប្រទាញប្រទង់​យកកាបូបដៃពីជនរងគ្រោះរហូតបានសម្រេច ហើយក៍រត់គេចខ្លួនបាត់ស្រមោល និងបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ក្រោយកើតមានករណីឆក់នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបើកការស៉ើបអង្កេតភ្លាមៗជាបន្ទាន់ ដោយធ្វើការកំណត់ពីអត្តសញ្ញាណរបស់ក្រុមជនសង្ស័យ និងអាចឈានដល់​បើកប្រត្តបត្តិការបង្ក្រាបឃាត់ខ្លួនក្រុមចោរឆក់យ៉ាងសកម្មជាបន្តបន្ទាប់ចំនួន៦នាក់ និងដកហូតបានម៉ូតូចំនួន៤គ្រឿង​ដែលជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងខណ្ឌចំការមន។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដដែលបន្តថា ដោយមានការអំពាវសុំឲ្យមានកិច្ចសហការ​ពីប្រជាពលរដ្ឋក្នុងការផ្ដល់ព័ត៌មាន ក៍ដូចជាផ្ដល់សេចក្ដីរាយការណ៍ផ្សេងៗ មកកាន់កម្លាំងនគរបាលការិយាល័យជុំនាញ រហូតមកដល់ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការពួនស្ទាក់លបឆ្មក់ទៅបង្ក្រាបជនសង្ស័យជាក្រុមចោរឆក់​បាន២នាក់បន្ថែមទៀតផងដែរ និងដកហូតបានម៉ូតូ១គ្រឿង ដើម្បីយកមកសួរនាំយកចម្លើយ ហើយបានរកឃើញថា ក្រុមជនសង្ស័យជាចោរឆក់ទាំង៨នាក់ ក្នុងនោះមាន៦នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទី១-ឈ្មោះ សុខ លីហុង ភេទប្រុស អាយុ១៥ឆ្នាំ ទី២-ឈ្មោះ ជា រតនា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ សុខ ដំ ភេទប្រុស អាយុ២២ឆ្នាំ ទី៤-ឈ្មោះ កែ ចាន់វាសនា ភេទប្រុស អាយុ១៥ឆ្នាំ ទី៥-ឈ្មោះ មុត ឆុនវីរះ ភេទប្រុស អាយុ១៧ឆ្នាំ ទី៦-ឈ្មោះ ឆេង ម៉េងលាង ភេទប្រុស អាយុ១៥ឆ្នាំ ទី៧-ឈ្មោះ ទូច ច័ន្ទវិច្ឆិកា ហៅកា អាយុ១៨ឆ្នាំ ទី៨-ឈ្មោះ យស់ ច័ន្ទបូរម៉ី ភេទប្រុស អាយុ២០ឆ្នាំ។

ក្រោយវង្ហាញមុខរួចមក ជនសង្ស័យទាំង៨ នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។