(ភ្នំពេញ)​៖ អភិបាល​រាជធានី​ភ្នំពេញថ្មី លោក ឃួ​ង ស្រេង ថ្លែងប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងប្រឡាយស្ទឹងមានជ័យ ដែលត្រូវអភិវឌ្ឍន៍នោះថា ទោះបីធ្វើប្រឡាយថ្មីយ៉ាងណាក៏ដោយ ពលរដ្ឋដែលនៅតំបន់នោះ​មិនត្រូវ​ផ្លាស់ប្ដូរទៅលំនៅទេ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ដីថ្មី កន្លែងចាស់តែម្ដង។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅ​​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៧​​នេះ ​ក្នុងឱកាសបាន​ដឹកនាំ​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​សកម្មភាព​កាយ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។

​លោក ឃួង ស្រេង បានបញ្ជាក់ថា ការស្តា​រប្រឡាយ​ស្ទឹងមានជ័យ​ជា​បណ្តោះអាសន្ន​នេះ ​វា​នឹង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សង់​រំលោភ​លើ​ប្រឡាយ​នេះ​២​ម៉ែត្រ ហើយ​លើ​បញ្ហា​នេះ​លោកបានស្នើ​សុំឲ្យ​ប្រជាពលរដ្ឋ​យោគយល់​។​ ចំណែក​អាជ្ញាធរ​វិញ ​លោក ​ឃួ​ង ស្រេង ក៏បាន​ស្មើ​ឲ្យមាន​ការថតរូប ​និង​ធ្វើ​ស្ថិតិឲ្យបាន​ច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ ដោយ​លោក​សន្យាថា នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅហ្នឹងកន្លែងតែម្តង ដោយវាស់វែងជាក់ស្តែង ព្រមទាំង​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ផងដែរ​។

​អភិបាលរាជធានីភ្នំពេញ បន្ថែមថា ក្រោយពី​ទទួលបាន​ដីធ្លី​ហើយ នៅពេល​សាងសង់​ប្រជាពលរដ្ឋ​ត្រូវតែ​សុំច្បាប់​ពី​អាជ្ញាធរ ដោយ​មិនត្រូវ​បង់ប្រាក់​ឡើយ សូម្បីតែ​ពន្ធ​ប្រថាប់ត្រា ហើយ​ការងារ​នេះ​លោក​សន្យាថា នឹងធ្វើ​ឲ្យ​បានសម្រេច​ និង​រួចរាល់​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ចំពោះ​គម្រោង​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ពិតជា​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​ពួកគាត់​អាច​ទទួលបាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់ ក្រោយពី​កាត់​ទំហំ​ប្រឡាយ​ធ្វើ​ផ្លូវ​តាម​ប្រឡាយ​នេះ​រួច​៕