(ភ្នំពេញ)​៖ អភិបាល​រាជធានី​ភ្នំពេញ​​ថ្មី លោក ឃួ​ង ស្រេង នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៧​​នេះ ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​សកម្មភាព​កាយ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង​១,៩០០​ម៉ែត្រ និង​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ព្រលានយន្តហោះ ផ្លូវ​២០០៤ ផ្លូវ​២០០២ និង​តំបន់​ស្ទឹងមានជ័យ ដោយ​ទំលាក់​ទឹក​ទៅ​ស្ថានីយ៍​បឹងទំពុន​។

​មន្ត្រី​រូបនេះ​ក៏បាន​បញ្ជាក់ថា ប្រឡាយ​នេះ​នឹង​ស្ថាបនា​ឡើង ដោយ​បុក​ស៊ី​ផាយ មាន​ទទឹង​មាត់​លើ​១០​ម៉ែត្រ ស្ថាបនា​ផ្លូវ​បេតុង​សងខាង​ប្រឡាយ​ម្ខាង​៦​ម៉ែត្រ និង​ម្ខាង​ទៀត​២​ម៉ែត្រ​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទៅនឹង​ការអភិវឌ្ឍ​​ប្រឡាយ​នេះ ​មាន​ចំនួន​ប្រមាណ​១,០០០​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ ក្រោយ​ផលប៉ះពាល់​ ហើយ​​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​គួរបញ្ជាក់​ផងដែរ​ថា ខណៈ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃ​២៧ ខែមិថុនា​កន្លងទៅ លោក ឃួ​ង ស្រេង បាន​ជម្រុញឲ្យ​លោក​ សាំង ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី ដាក់​គ្រឿងចក្រ​ជាបន្ទាន់ ​ដើម្បី​កាយ​ប្រឡាយ​ស្ទឹងមានជ័យ​រំដោះ​ទឹក​ចេញ​។

​ការស្តា​ប្រឡាយ​ស្ទឹងមានជ័យ​ជា​បណ្តោះអាសន្ន​នេះ ​វា​នឹង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សង់​រំលោភ​លើ​ប្រឡាយ​នេះ​២​ម៉ែត្រ ហើយ​លើ​បញ្ហា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី បានស្នើ​សុំឲ្យ​ប្រជាពលរដ្ឋ​យោគយល់​។​ ចំណែក​អាជ្ញាធរ​វិញ ​លោក ​ឃួ​ង ស្រេង ក៏បាន​ស្មើ​ឲ្យមាន​ការថតរូប ​និង​ធ្វើ​ស្ថិតិឲ្យបាន​ច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ ដោយ​លោក​សន្យាថា នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ម្នាក់​ដី​ឡូ​មួយ​ល្វែង​នៅ​ហ្នឹង​កន្លែង ពោលគឺ​មួយ​គ្រួសារ​អាច​ទទួលបាន​ដី​១​ឡូ​ទំហំ ទទឹង​៤​ម៉ែត្រ ​បណ្តោយ​ជាង​១០​ម៉ែត្រ ​និង​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ផងដែរ​។

​ក្រោយពី​ទទួលបាន​ដីធ្លី​ហើយ នៅពេល​សាងសង់​ប្រជាពលរដ្ឋ​ត្រូវតែ​សុំច្បាប់​ពី​អាជ្ញាធរ ដោយ​មិនត្រូវ​បង់ប្រាក់​ឡើយ សូម្បីតែ​ពន្ធ​ប្រថាប់ត្រា ហើយ​ការងារ​នេះ​លោក​សន្យាថា នឹងធ្វើ​ឲ្យ​បានសម្រេច​និង​រួចរាល់​នៅមុន ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ចំពោះ​គម្រោង​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ពិតជា​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​ពួកគាត់​អាច​ទទួលបាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់ ក្រោយពី​កាត់​ទំហំ​ប្រឡាយ​ធ្វើ​ផ្លូវ​តាម​ប្រឡាយ​នេះ​រួច​៕