(ព្រះវិហារ)៖ ​ក្នុងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការកាត់ទ្រុង និងអប់រំរថយន្ដដឹកសំពីងសំពោងសរុប៥៩គ្រឿង និងបិទស្ទីកឃ័រ គោយន្ដកន្ដ្រយ៍៦១គ្រឿង។

យុទ្ធនាការនេះដឹកនាំដោយលោក ស៊ូ សេរី អភិបាលរងខេត្ត សហការ​ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរ​ អាវុធហត្ថ ចុះត្រួតពិនិត្យ តាមដងផ្លូវជាតិលេខ៦២ និងតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្ត​។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា ដោយអនុវត្ត​ន៍តាមការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត, លោក ស៊ូ សេ​រី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសដោយមានមន្ត្រីជំនាញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរ​ និងមន្ត្រីអាវុធហត្ថ ធ្វើការចុះត្រួតពិនិត្យតាមដងផ្លូវក្នុងគោលបំណងកាត់ បន្ថយគ្រោះថ្នាក់ចរាចរ និងទប់ស្កាត់ការដឹកលើសទម្ងន់បង្កឲ្យខូចផ្លូវ។

ប្រធានមន្ទីរសាធារណការ ​បានបន្ថែមថា ​ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យរថយន្ត​៧៦គ្រឿង ត្រួតពិនិត្យឃើញ ត្រឹមត្រូវ១៧គ្រឿង ធ្វើការអប់រំណែនាំរថយន្តដឹកសំពីងសំពោង២៥គ្រឿង ដោះចង្អើកន្ទុយក្រោយរថយន្ត៣២គ្រឿង បិទស្ទិកឃ័រ ចំណាំងផ្លាត គោយន្តបាន៦១គ្រឿង  និងបានកាត់ទ្រុងកែឆ្នៃរថយន្តខុសបច្ចេកទេ២គ្រឿង នៅ​នឹងកន្លែងផងដែរ។

លោក បានគូសបញ្ជាក់ថា ដោយធ្វើការពន្យល់ពីលក្ខណៈរថយន្តធុនធំ ដែលស្រប​ច្បាប់ គឺមានបណ្តោយ១២.២០ម៉ែត្រនិងកំពស់ អនុញ្ញាតិ ខ្ពស់ជាងកាប៊ិន០.៥០ម៉ែត្រ។ ចំណែកម្ចាស់រថយន្តធុនធំ ដែលក្រុមការងារត្រួតពិនិត្យឃើញថា កែឆ្នៃខុសច្បាប់ គឺ​មិនធ្វើការអប់រំណែនាំទៀតទេ ពោលតម្រូវឲ្យម្ចាស់កាត់ទ្រុងដោយខ្លួនឯងនៅនឹងកន្លែង ទើបអនុញ្ញាតិឲ្យបន្តដំណើរទៅមុខទៀត បើមិនព្រមអនុវត្ត​តាម ក្រុមការងារនឹងធ្វើការកាត់ទ្រុងជំនួស។

លោកថា រថយន្តកែឆ្នៃខុសច្បាប់ជាច្រើន គឺមាននៅខេត្តផ្សេង ចំណែកខេត្តព្រះវិហារមិនមានទេ គឺបានកាតទ្រុងអស់ហើយ បន្ថែមពីនេះ លោកបាន អំពាវនាវ​ឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តធំៗ ត្រូវអនុវត្ត​ទៅតាមច្បាប់ កុំយកទៅកែឆ្នៃខុសទ្រង់ទ្រាយដើម ដើម្បីដឹកបានច្រើន ដែលជាហេតុធ្វើឲ្យខូចខាតផ្លូវ និងបង្ក​គ្រោះថ្នាក់ណាមួយ ជាយថាហេតុដល់ខ្លួន និងអ្នកដ៏ទៃ៕