(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ​​ចុះត្រួតពិនិត្យគោលដៅ ការដ្ឋានបូមខ្សាច់ និងលើបែរវៀតណាមស្ថិតនៅក្រុម៥ ភូមិក ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ​។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានដែលបានដឹកនាំងារការនេះផ្ទាល់ បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ១៤​នាក់ ស្រី​០២​នាក់​ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ​។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថាក្រោយធ្វើការត្រូតពិនិត្យរួច ជនជាតិវៀតណាមទាំង​១៤​នាក់ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារតាមនីតិវិធី។

សូមជម្រាបថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទ​បណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ៕