(ភ្នំពេញ)៖ ទីបំផុត ! នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់ លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាពេញសិទ្ធិ ឲ្យជំនួសតំណែងប្តីរបស់លោកស្រី ដែលបានលាលែងពីតំណែងហើយ។

លោកស្រី គុណ លំអង ត្រូវបានគណបក្សសមរង្ស៊ី ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធ ដើម្បីជំនួសតំណែង លោក ហុង សុខហួរ ជាប្តីរបស់លោកស្រី ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រកាសទទួលស្គាល់ភាពជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង នឹងធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនានេះ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា លោកស្រី គុណ លំអង ដែលឈរតំណាងនៅភូមិភាគជាមួយលោក ហុង សុខហួរ អាចក្លាយជាបេក្ខភាពសមាជិកព្រឹទ្ធសភា នាពេលនេះបាន ដោយសារតែអ្នកឈរលេខរៀងបម្រុង២នាក់ ដែលនៅខាងមុខលោកស្រី បានលាលែងពីតំណែងនាពេលថ្មីៗនេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានសរសេរលិខិតលាលែងពីតំណែង ស្របគ្នាជាមួយនឹង លោក មាជ សុវណ្ណរ៉ា និង លោក អ៊ុ សំអាន ដែរ។ មូលហេតុនៃការលាលែងនេះ ត្រូវបានអ្នកទាំងបីបញ្ជាក់ថា ដោយសារមូលហេតុផ្ទាល់ខ្លួន ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថា ការលាលែងនេះ ដោយសារមូលហេតុខ្លាចរលាយបក្សតែប៉ុណ្ណោះ ដោយសារតែច្បាប់ស្តីពីគណបក្សនយោបាយដែលរៀបចំថ្មី មានលក្ខណៈតឹងរឹងជាមុន៕